(ភ្នំពេញ)៖ មេបញ្ជាការកងពលតូចលេខ៧០ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងច្បាស់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅ លោកបានទទួលទានអាហារនិងសន្ទនាគ្នាជាមួយលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី (RFA) ផ្នែកខេមរភាសានៅក្នុង ភោជនីយដ្ឋានមួយកន្លែងឈ្មោះ ដាល់ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានរយៈពេល១ម៉ោង៤៥នាទី។

នៅទីបំផុតខ្សែអាត់សម្លេងសន្ទនាសំងាត់រវាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ នៅក្នុងឱកាសទទួលទានអាហារជាមួយគ្នានោះ ត្រូវបានឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ទម្លាយតាមរយៈ Fresh News ដែលជាបណ្តាញព័ត៌មានអនឡាញដ៏ធំមួយនៅកម្ពុជា។

ផ្នែកមួយនៃខ្សែអាត់សម្លេងដែលទម្លាយនោះ ត្រូវបានផ្សព្វផ្សាយ និងលឺយ៉ាងច្បាស់ៗដោយលោក ជុន ច័ន្ទបុត្រ បាននិយាយថា៖ «អាស៊ីសេរីអត់រាយការណ៍ ពីអាមេរិកកាំងទេ ដូច្នេះទោះបីអាមេរិកកាំងធ្វើខុស យ៉ាងណាក៏ដោយ ក៏អាស៊ីសេរីអត់ផ្សាយដែរ ពីព្រោះថាយើងអត់មានផ្សាយពីរឿងនោះទេ អាហ្នឹងការងាររបស់ VOA ទៀតហើយ ហើយ VOA គេផ្សាយគោលនយោបាយរបស់ អាមេរិកកាំង តែតាមពិតកាសែតអាមេរិកកាំងច្រើនណាស់ តែរដ្ឋាភិបាលអាមេរិកកាំងធ្វើខុសគឺ ជេរពេញណាពេញណី មាន CNN មានស្អីៗ BBC អីហ្នឹងជេររដ្ឋាភិបាលអាមេរិកកាំង កាសែតយើងអត់ឲ្យរាយការណ៍ពីអាមេរិកកាំងទេ យើងអត់មានអ្នកយកព័ត៌មាន សម្រាប់រាយការណ៍ពីអាមេរិកកាំងទេ»។

ក្រោយពីចេញផ្សាយនូវខ្សែអាត់សម្លេងសន្ទនាដែលលោក ជុន ច័ន្ទបុត្រ និយាយបកអាក្រាតរិះគន់អាមេរិករួចហើយ។ អង្គភាពព័ត៌មាន Fresh News បានផ្ញើជាសំណួរចំនួន២ ទៅកាន់អ្នកនាំពាក្យស្ថានទូតអាមេរិកនៅថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០១៨ ជាមួយសំណួរថា៖

១៖ លោក ជុន ច័ន្ទបុត្រ បាននិយាយថា សហរដ្ឋអាមេរិកបានដាក់គំនាបដល់វិទ្យុអាស៊ីសេរី មិនឱ្យផ្សព្វផ្សាយអំពីភាពអវិជ្ជមានណាមួយរបស់អាមេរិកតាំងពីដើម រហូតមក, ចំណុចនេះតើលោកគិតថា នេះជាការគំរាមធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព វិជ្ជាជីវៈសារព័ត៌មាន និងភាពឯករាជ្យរបស់​ប្រព័ន្ធផ្សព្វផ្សាយដែរឬទេ ?

២៖ តើលោកយល់យ៉ាងណាចំពោះលោក ជុន ច័ន្ទបុត្រ ដែលបានទម្លាយគោលការណ៍សំងាត់របស់វិទ្យុអាស៊ីសេរីដែលជាវិទ្យុរបស់សហរដ្ឋអាមេរិក ទៅ ដល់មន្រ្តីយោធាជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។

សំណួរចំនួន២នេះ ត្រូវបានលោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឆ្លើយតបវិញ ប៉ុន្តែមិនចំនិងសំណួរឡើយ ព្រមទាំងស្នើឲ្យ អង្គភាពព័ត៌មាន Fresh News ផ្ញើសំណួរនេះទៅកាន់វិទ្យុអាស៊ីសេរី នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតប។ ចម្លើយរបស់អ្នកនាំពាក្យទូតអាមេរិក បានសរសេរយ៉ាងដូច្នេះថា៖

«យើងមានការសោកស្តាយ ចំពោះ Fresh News ដែលបន្តប្រើប្រាស់ខ្សែអាត់សំឡេងដែលមិនមានការផ្ទៀងផ្ទាត់ ហើយអាចជាការបែកធ្លាយខ្សែអាត់សំឡេង ខុសច្បាប់ដែលនេះជាវិធីសាស្ត្របំភិតបំភ័យ ប្រឆាំងនឹងតួអង្គនៃប្រព័ន្ធ ផ្សព្វផ្សាយ បក្សប្រឆាំង និងសង្គមស៊ីវិល។ យើងស្នើឲ្យលោកបញ្ជូនសំណួរទៅវិទ្យុអាស៊ីសេរី ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីស្នើសុំការអត្ថាធិប្បាយទាក់ទងនឹងគោលនយោបាយផ្នែកនិពន្ធអត្ថបទ និងសេចក្តីរាយការណ៍រព័ត៌មានបស់វិទ្យុអាស៊ីសេរី»។

«We deplore Fresh News’s continuing use of unverified and possibly illegal leaked recordings as an intimidation tactic against media, opposition, and civil society figures. We refer you to RFA in Washington for comments on RFA’s editorial and reporting policies»។

ជាមួយនឹងចម្លើយនេះ, អង្គភាពព័ត៌មាន Fresh News សូមឆ្លើយតបថា អ្វីដែលអ្នកនាំពាក្យទូតអាមេរិកលើកឡើងថា Fresh News ប្រើយុទ្ធសាស្ត្របំភិតបំភ័យ និងព្យាយាមភ្ជាប់បញ្ហានេះទៅរឿងនយោបាយនោះ, គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់។​ ចំណែកខ្សែអាត់សម្លេងសន្ទនាដែលផ្សព្វផ្សាយនេះ ត្រូវបានបញ្ជាក់ដោយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលជាម្ចាស់និងជាដៃគូសន្ទនាជាមួយលោក ជុន ច័ន្ទបុត្រ នៅក្នុងខ្សែអាត់សម្លេងនោះ។

សូមជំរាបថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨​ តាមរយៈខ្សែអាត់សម្លេងសន្ទនាសំងាត់របស់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានឲ្យដឹងថា លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី (RFA) ផ្នែកខេមរភាសា បានបកអាក្រាតយ៉ាងខ្លាំងក្លាទៅកាន់សហរដ្ឋអាមេរិកថា បានដាក់គំនាបដល់វិទ្យុអាស៊ីសេរីមិនឱ្យផ្សព្វផ្សាយ អំពីភាពអវិជ្ជមានណាមួយរបស់អាមេរិកតាំងពីដើមរហូតដល់ពេលនេះ ដែលការដាក់បំរាមបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព វិជ្ជាជីវៈ និងភាពឯករាជ្យរបស់ប្រព័ន្ធផ្សព្វផ្សាយ៕