(ភ្នំពេញ)៖ ប្រមុខការទូតនៃមហាអំណាចចិន បានបញ្ជាក់នៅជំហរយ៉ាងច្បាស់លាស់របស់ប្រទេស និងថ្នាក់ដឹកនាំចិនចំពោះកម្ពុជាថា ចិនសូមគាំទ្រ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបន្តជាប់ឆ្នោតនាពេលខាងមុខនេះទៀត ដើម្បីដឹកនាំជោគវាសនាប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

ការបញ្ជាក់ជំហរគាំទ្រសម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅក្រៅកិច្ចប្រជុំកំពូលធុរកិច្ចមហាអនុតំបន់មេគង្គ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។ នេះបើតាមការចុះផ្សាយលើ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។

Facebook សម្តេចតេជោ ហ៊ុន សែន បានដកស្រង់នូវប្រសាសន៍របស់ លោក វ៉ាង យី ដែលបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងជំនួបពិភាក្សាការងារ យ៉ាងដូច្នេះថា «ឯកឧត្តមរដ្ឋមន្រ្តី វ៉ាង យី បានមានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ប្រទេសចិនបានតាមដាន និងគាំទ្រនូវវិធានការទាំងឡាយដែលសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍នាពេលកន្លងមក ក្នុងការពារនិងថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ ក្នុងប្រទេសកម្ពុជា ពិសេសការការពារកិត្តិយស ជាតិរបស់កម្ពុជា។ តាមរយៈនេះប្រទេសចិន សូមគាំទ្រនូវមាគ៌ានៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត ជាងនេះទៅទៀតនោះ ថ្នាក់ដឹកនាំចិន សូមគាំទ្រ និងជូនពរសម្តេចតេជោបន្តជាប់ឆ្នោត ក្នុងការដឹកនាំជោគវាសនាប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត»

ក្នុងជំនួបដ៏មានអត្ថន័យនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការជូនពរជូន លោក វ៉ាង យី ដែលត្រូវបានសភាប្រជាជនចិនបោះឆ្នោតជ្រើសតាំងជា រដ្ឋមន្រ្តីការបរទេសចិនសារជាថ្មីម្តងទៀត។ ទន្ទឹមនឹងនេះសម្តេចតេជោ ក៏បានផ្តាំផ្ញើតាមរយៈលោករដ្ឋមន្រ្តី ផ្ញើជូននូវការជូនពរ និងអបអរសាទរជូនចំពោះ លោក ស៊ី ជីនពីង និងលោក លី ខឺឈាង ដែលត្រូវបានសភាប្រជាជនចិន បោះឆ្នោតជ្រើសតាំងជាប្រធានាធិបតី និងជានាយករដ្ឋមន្រ្តីចិន សាជាថ្មីម្តងទៀត។

លោករដ្ឋមន្ត្រី វ៉ាង យី បានសំដែងនូវការរីករាយដោយបានជួបសន្ទនាសារជាថ្មីម្តងទៀត ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោកប្រធានាធិបតី និងលោកនាយករដ្ឋមន្រ្តីចិន ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។

លោករដ្ឋមន្រ្តីការបរទេសចិនបានបន្តថា កាលពីឆ្នាំ២០១៧កន្លងទៅ លោកប្រធានាធិបតីចិន បានជួបពិភាក្សាការងារចំនួនពីរដងជាមួយ សម្តេចតេជោ ហើយកាលពីខែមករាកន្លងទៅ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ នៅប្រទេសកម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកម្ពុជា-ចិន។

នៅក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ និងលោក វ៉ាង យី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសបញ្ហាវិវត្តន៍នៃសភាពការណ៍ថ្មីៗជុំវិញពិភពលោក ដែលមេដឹកនាំកម្ពុជា និងចិនបាននឹងកំពុងយកចិត្តទុកដាក់៕