(ភ្នំពេញ)៖ លោក Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ប្រទេសមហាអនុតំបន់ទន្លេមេគង្គ (GMS) បានកំណត់នូវគម្រោងថ្មីចំនួន២២៧គម្រោង ដែលមានតម្លៃ៦៦ពាន់លានដុល្លារ ក្រោមក្របខ័ណ្ឌវិនិយោគថ្នាក់តំបន់ GMS ឆ្នាំ២០១៨-២០២២។

តាមសេចក្ដីថ្លែងការណ៍ របស់ប្រធានធនាគារ ADB ដែលបណ្ដាញព័ត៌មាន Fresh News​ ទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ទៀតថា គម្រោងទាំងនេះ នឹងពង្រីកវិបុលភាពសេដ្ឋកិច្ចបន្ថែមទៀត តាមរយៈការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ និងថាមពលឆ្លងដែន។

លោក Takehiko Nakao បានលើកឡើងទៀតថា ក្នុងនាមជាលេខាធិការដ្ឋាននៃកម្មវិធីនេះ ចាប់តាំងពីពេលដែលកម្មវិធីនេះ ត្រូវបានបង្កើតដំបូងមក ធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្ដល់ថវិកា៧ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ទៀត។

ប្រធានធនាគារ ADB រូបនេះ បន្ដថា សម្រាប់គម្រោងជាច្រើន ដែលគាំទ្រដល់ការដឹកជញ្ជូន ទេសចរណ៍ ថាមពល ការកាត់បន្ថយ និងការបន្សាំ ទៅនឹងការប្រែប្រួលអាកាសធាតុ សង្វាក់តម្លៃ កសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍទីក្រុង។ ថវិកានេះ ជាថវិកាបន្ថែមពីលើថវិកា ៨ពាន់លានដុល្លារ ដែល ADB ផ្ដល់ជាហិរញ្ញប្បទាន​ កន្លងមកសម្រាប់កម្មវិធីនេះ។

បើតាមសេចក្ដីថ្លែងការណ៍ ដើម្បីអនុវត្តគម្រោងទាំងនេះ និងដើម្បីទទួលបានជោគជ័យ ក្នុងអាទិភាពដទៃទៀត ដូចជាការទប់ស្ដាត់ជំងឺឆ្លង និងការការពារបរិស្ថានជាដើម ទាមទារឲ្យមាន ការកសាងភាពជាដៃគូឱ្យបានរឹងមាំ។ កម្មវិធី GMS ពឹងអាស្រ័យលើកិច្ចសហប្រតិបត្តិការ រវាងតួអង្គពាក់ព័ន្ធនានា ដូចជារដ្ឋបាល និងសហគមន៍មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សា ស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយជាដើម។

GMS នឹងទទួលបានប្រយោជន៍ ពីការពង្រឹងភាពជាដៃគូ ជាមួយនឹងវេទិកាសហប្រតិបត្តិការថ្នាក់តំបន់ និងថ្នាក់សកលដទៃទៀត ដែលនឹងនាំមកនូវកាលានុវត្តភាពថ្មីៗ សម្រាប់ការអភិវឌ្ឍនាពេលអនាគត។

ភាពជាដៃគូជាមួយវិស័យឯកជន ក៏រឹតតែមានសារៈសំខាន់ថែមទៀត ហើយយើងទាំងអស់គ្នារីករាយ ដែលសង្កេតឃើញថា ភាពជាដៃគូនេះ ត្រូវបានពង្រឹងបន្ថែមតាមរយៈ ក្រុមប្រឹក្សា ធុរកិច្ច GMS គំនិតផ្ដួចផ្ដើមធុរកិច្ចមេគង្គ និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) វេទិកាទេសចរណ៍ និងកសិកម្ម GMS និងសន្និសីទវិស័យហិរញ្ញវត្ថុ និងហិរញ្ញប្បទាន ពាណិជ្ជកម្ម ដែលទើបត្រូវបានរៀបចំឡើង កាលពីពេលថ្មីៗនេះ។

លោក Takehiko Nakao ថា «ខ្ញុំមានសុទិដ្ឋិនិយមថា អនុតំបន់នេះ នឹងអាចឆ្លើយតបចំពោះបញ្ហាប្រឈម ដែលខ្លួនកំពុងជួបប្រទះ និងទាញប្រយោជន៍ពីឱកាសថ្មីៗទាំងនេះ»

តាមរយៈការធ្វើការងាររួមគ្នា ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គនេះ ពិតជាអាចសម្រេចបាននូវកំណើន ឆាប់រហ័សប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងរយៈពេល ២៥ ឆ្នាំទៀត និងក្នុងបណ្ដាលឆ្នាំបន្តបន្ទាប់ទៀត។ ADB នឹងបន្តបំពេញតួនាទីជាដៃគូ ដែលមានសារៈសំខាន់ និងអាចជឿទុកចិត្ត បានក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ៕