(រតនគិរី)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានអញ្ជើញជាអធីបតីនៅក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងពុទ្ធាភិសេកវត្តឧត្តមសាមគ្គីរតនារាម (ហៅវត្តភូមិហ្វាំង) មានទីតាំងស្ថិតនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី នាថ្ងៃព្រហស្បតិ៍១៣ កើតខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ដែលត្រូវចំណាយបច្ច័យសម្រាប់កសាងជាង៥០០លានរៀល។

ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនោះដែរ សម្តេចវិបុលសេនាភក្តី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏នៅមានគោលនយោបាយបន្ធូរបន្ថយពន្ធ គោលនយោបាយ ពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋ គោលនយោបាយធ្វើដំណើរតាមរថយន្តក្រុង ។ល។ ដែលសុទ្ធតែជាគោលនយោបាយរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយ៉ាងស្តែងបំផុត ដូច្នេះហើយទើបប្រជាពលរដ្ឋ អបអរសាទរដោយភាពកក់ក្តៅ និងមានសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតរបស់ខ្លួន និងកូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនោះ សម្តេច សាយ ឈុំ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា កម្ពុជាបច្ចុប្បន្ន បានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងត្រូវបានទទួលស្គាល់ថា ជាខ្លាសេដ្ឋកិច្ចថ្មីរបស់ទ្វីបអាស៊ី។

បន្ថែមលើនេះសម្តេច សាយ ឈុំ ក៏បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជិត៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ប្រទេសជាតិយើង ត្រូវបានថែរក្សាយ៉ាងមុតមាំនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី រក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម រួមទាំងបន្តអភិវឌ្ឍប្រទេសជាតិ ទទួលបាននូវការរីកចម្រើនប្រកបដោយចីរភាព។

បើតាមសម្តេច សាយ ឈុំ បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងឈរនៅលំដាប់ទី៥ ក្នុងតំបន់អាស៊ានទាំង១០ ប្រទេសដែលជាប្រទេសមានប្រាក់បៀវត្សរ៍មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខ្ពស់ជាងគេ ដោយរាប់គិតចាប់តាំងពីមន្រ្តីថ្នាក់ទាបបំផុតឡើងទៅ៕