(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅកម្ពុជា​ នឹងធ្វើឡើងតាមកាលកំណត់ ដោយគ្មានអ្វីប្រែប្រួលនោះទេ ទោះបីជាថ្នាក់ដឹកនាំ អតីតគណបក្សប្រឆាំង បានអំពាវនាវឱ្យមានការពន្យារពេលយ៉ាងណាក៏ដោយ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការថ្លែងយោបល់យ៉ាងណារបស់ អតីតសង្រ្គោះជាតិ នោះគ្រាន់តែជាការលើកជាយោបល់ទេ ប៉ុន្តែសម្រាប់ច្បាប់កម្ពុជា សេចក្តីថ្លែងការណ៍របស់ពួកគាត់មិនមានឥទ្ធិពលអ្វី ប៉ះពាល់ដល់ការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតឡើយ ហើយក៏គ្មានឥទ្ធិពលអ្វី ដែលនាំឱ្យគ.ជ.ប យកមកពិចារណាដែរ»

កាលពីម្សិលមិញ លោកស្រី​ មូរ សុខហួរ អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមបង្កើតចលនាឧទ្ទាមខុសច្បាប់ បានប្រាប់វិទ្យុអាស៊ីសេរី ដែលតែងរិះគន់រដ្ឋាភិបាលថា ក្រុមប្រឆាំងរបស់លោកស្រី នឹងទាមទារឱ្យមានការពន្យារពេលការបោះឆ្នោត បើសិនណាជាអតីតគណបក្សប្រឆាំង មិនបានចូលរួមក្នុងការបោះឆ្នោតជាតិ នៅចុងខែកក្កដា ខាងមុខនេះ។ មិនតែប៉ុណ្ណោះ លោកស្រី ក៏បានទទូចឱ្យប្រទេសកាណាដា ចូលរួមដាក់សម្ពាធចំពោះរដ្ឋាភិបាលកម្ពុជាផងដែរ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់បន្ថែមទៀតថា ការបោះឆ្នោតខាងមុខនេះ គ្មានការប្រែប្រួលនោះទេ ហើយគ.ជ.ប នឹងធ្វើទៅតាមច្បាប់របស់ប្រទេសកម្ពុជា មិនធ្វើតាមបរទេសណាឡើយ។ ស្ថាប័ន គ.ជ.ប បម្រើតែផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ។

កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ត្រូវបានប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់យកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

គ.ជ.ប កាលពីម្សិលមិញ ក៏បានចេញសេចក្តីប្រកាសមួយទៀត ដោយនឹងទុកពេល១៥ថ្ងៃ សម្រាប់គណបក្សនយោបាយ ដើម្បីចុះឈ្មោះចូលរួមការបោះឆ្នោតជាតិមួយនេះ។ រយៈពេលនៃការចុះឈ្មោះនេះគឺចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

សម្រាប់គណបក្សនយោបាយណា ដែលមិនបានចុះឈ្មោះទាន់ពេលវេលា នៅអំឡុងពេលនោះ គ.ជ.ប នឹងមិនអនុញ្ញាតឱ្យចូលរួមក្នុងការបោះឆ្នោតឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគ.ជ.ប។

រហូតដល់ពេលនេះ មានគណបក្សនយោបាយចំនួន៣៧ហើយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការថាស្របច្បាប់​ ដោយក្រសួងមហាផ្ទៃ ប៉ុន្តែទោះជាយ៉ាងណា នៅដំណាក់កាលនេះ គេមិនទាន់ដឹងថា នឹងមានគណបក្សនយោបាយចំនួនប៉ុន្មានចូលរួមក្នុងការបោះឆ្នោតខាងមុខនេះនៅឡើយ ខណៈគណបក្សជាច្រើនក្នុងចំណោមនោះទាំងថ្មី និងចាស់ បានប្រកាសត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោត៕