(ភ្នំពេញ)៖ នៅថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាល និងសម្ដែងការគួរសមដោយលោកសាស្ត្រាចារ្យ Raymond Robertson នៃសាសា The Bush School of Government and Public Service របស់សកលវិទ្យាល័យ Texas A&M University ដែលរួមដំណើរដោយលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។

ជាកិច្ចចាប់ផ្ដើមលោករដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចប្រជុំជាមួយកម្មវិធី Better Factories Cambodia (BFC) នៃអង្គការពលកម្មពិ ភពលោក (International Labor Organization) កាលពីថ្ងៃ២៧ ខែមីនា ឆ្នាំ២០១៨ ថ្មីៗនេះ ដោយបានពិភាក្សាលើការត្រួតពិនិត្យអនុលោមភាពជាមួយនឹងច្បាប់ការងារ និងការជំរុញឲ្យមានស្ថានភាពរឹតតែប្រសើឡើងក្នុងរោងចក្រទាំងឡាយនៅកម្ពុជា។

លោករដ្ឋមន្ត្រី រំលេចបន្ថែមទៀតថា ក្រោមការត្រួតពិនិត្យអនុលោមភាពច្បាប់ការងារនៅរោងចក្រម្រមាណ ៥០០រោងចក្រក្រោមកម្មវិធី BFC ឃើញថា រោងចក្រទាំងអស់បានប្រកាន់ខ្ជាប់នូវច្បាប់ជាធរមាន។ ជាមួយនោះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនអំពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរិមាពី ១៥៣ដុល្លារអាមេរិកនៅឆ្នាំ២០១៧ មក ១៧០ដុល្លារអាមេរិកនៅឆ្នាំ២០១៨ ដើម្បីជាការលើកទឹកចិត្ត និងជាគោលនយោបាយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ជាកិច្ចឆ្លើយតបទៅនឹងការលើកឡើងរបស់លោករដ្ឋមន្ត្រី លោកសាស្ត្រាចារ្យ Robertson បានថ្លែងកោតសរសើរអស់ពីចិត្ត អំពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យវាយនភណ្ឌ ដោយស្ថានភាពដ៏ល្អប្រសើរនៅកម្ពុជា បានក្លាយទៅជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។

លោកសាស្ត្រាចារ្យបានបន្តទៀតថា ស្ថានភាពការងារល្អក្នុងរោងចក្រ រួមផ្សំជាមួយការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងជំរុញទឹកចិត្តជូនដល់កម្មករ-កម្មការិនី ឲ្យខិតខំប្រឹងប្រែង និងបង្កើនផលិតកម្មរបស់រោងចក្របន្ថែមទៀត។

ក្រៅពីប្រធានបទនេះ កិច្ចប្រជុំក៏បានបន្តសំណេះសំណាលលើការបន្តនីរន្តរភាពក្នុងការត្រួតពិនិត្យអនុលោមភាព ការតភ្ជាប់ឧស្សាហកម្មក្នុងស្រុក (Backward Linkage) ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញកាត់ដេរ ការលើកកម្ពស់ខ្សែសង្វាក់តម្លៃ និងបង្កើតតម្លៃបន្ថែម៕