(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៤៥១គ្រឿង រកឃើញល្មើសច្បាប់៥២៩គ្រឿង (ម៉ូតូ៦៨ភាគរយ) អប់រំ៣២៦គ្រឿង និងផាកពិន័យ២០៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២៨ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន៨៣៨គ្រឿង អប់រំ២១៥គ្រឿង និងផាកពិន័យចំនួន៩០គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៥២៣គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១៨,១៨១គ្រឿង រកឃើញយានយន្តល្មើស ១៣,៥១៨គ្រឿង(ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ៨,១០៦គ្រឿង និងផាកពិន័យ៥,៤១២គ្រឿង (ម៉ូតូ៩៦ភាគរយ)៕