(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានប្រកាសថា សម្តេចគឺជាមេដឹកនាំដោយប្រើប្រាស់ ការចរចាច្រើនជាងគេ នៅលើពិភពលោក ដើម្បីនាំមកនូវការបង្រួបបង្រួម និងការផ្សះផ្សារជាតិ។ ការប្រកាសបែបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃពុធនេះ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១,៤ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «គ្មាននរណាប្រើប្រាស់ការចរចាច្រើនជាងពូទៀតទេ នៅក្នុងប្រវត្តិមេដឹកនាំ នៅលើពិភពលោកនេះ អត់មាននរណាប្រើពេលវេលាចរចាច្រើនជាងពូទៀតទេ។ ដែលហៅថា អ្នកចរចា វាលំបាកជាងនាយទាហាននៅសមរភូមិខ្លាំងណាស់។ សម្រាប់ទាហាន បើកងទ័ពវ៉ៃគ្នា កូនទាហាននៅខាងមុខ មេទាហាននៅខាងក្រោយ ដល់ពេលចរចា មេទាហាននៅខាងមុខ កូនទាហាននៅខាងក្រោយវិញ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅក្នុងសម័យសង្រ្គាម សម្តេចបានបង្ហាញវត្តមាន នៅក្នុងតំបន់ដែលមានការប្រយុទ្ធគ្នា ដើម្បីដោះស្រាយបញ្ហា ជាមួយប្រជាពលរដ្ឋ និងកងទ័ព។ ក្រោយមកគេបានឃើញសម្តេចនៅទីកន្លែងដែលមានការស្វះស្វែងរកការចរចា ដើម្បីរកដំណោះស្រាយក្នុងការបង្រួបបង្រួមជាតិ។ ដំណាក់កាលបន្តទៀត គេក៏បានឃើញហើយថា សម្តេចបានធ្វើដំណើរទៅកាន់ តំបន់ម៉ាឡៃ ប៉ៃលិន សំឡូត និងតំបន់ដទៃទៀត ដើម្បីធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហម តាមរយៈនៃនយោបាយឈ្នះៗ។ បន្ទាប់មក គេបានឃើញពូមានវត្តមានច្រើននៅតាមវាលស្រែ ដើម្បីជំរុញការបង្កបង្កើនកសិផលស្រូវ អង្ករ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រវត្តិសាស្រ្តកត់ស្គាល់ថា បានជោគជ័យក្នុងការចរចាធំៗជាបន្តបន្ទាប់ ដែលការចរចានេះហើយបានក្លាយទៅជាចំណុចពិសេសមួយ ធ្វើឱ្យសម្តេចកាន់អំណាចក្នុងរយៈពេលជិត៤០ឆ្នាំនេះ និងក្លាយទៅជាបុរសខ្លាំង នៅក្នុងប្រទេសកម្ពុជា។

បើតាម លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ បានដាក់ចេញនូវនយោបាយបង្រួបបង្រួមជាតិ ចរចារហូតបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ សម្តេចក៏បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ធ្វេីឲ្យខ្មែរក្រហមត្រូវរលំរលាយទាំងអង្គការចាត់តាំងនយោបាយ និងយោធា នាំមកនូវសន្តិភាពពេញលេញ ជូនប្រទេសជាតិ នាខែ ធ្នូ ឆ្នាំ១៩៩៨ ដែលចូលដំណាក់កាលប្រវត្តិសាស្រ្តថ្មី នៃសន្តិភាពនិងការឯកភាពជាតិទាំងមូលមិនធ្លាប់មានពីមុនមករាប់រយឆ្នាំ បេីកឱកាសឲ្យកម្ពុជាកសាង និងអភិវឌ្ឈប្រទេស រីកចម្រេីនដូចសព្វថ្ងៃ៕