(ប៉េកាំង)៖ ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បានផ្ញើសារអបអរ និងជូនពរខួបកំណើត​ដល់​ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលឈាន​ចូលវ័យ ៧៣ឆ្នាំ នៅក្នុងថ្ងៃទី២៨ ខែមីនា នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Asia Correspondent នៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងលិខិត​មួយ ចេញផ្សាយដោយស្ថានទូតចិន​ក្នុងទីក្រុង​ម៉ានីល លោកស៊ី បានសម្ដែងការ​អបអរយ៉ាង​ស្មោះស័្មគ្រ និងជូនពរ ថ្ងៃខួបកំណើត​ដល់លោក ឌូតឺតេ។ បន្ថែមពី​លើនេះ លោកប្រធានាធិបតីចិន ក៏បានបញ្ជាក់​ផងដែរ​​ពីភាពរីកចំរើន នៃ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរ។

«ទំនាក់ទំនង​ទ្វេភាគី​របស់យើង បាននិងកំពុងរីកចំរើន​ទៅមុខ ព្រមទាំងលេច​ចេញជាផ្លែផ្កា ក៏ដូចជា​ចូលរួមលើក​កម្ពស់សន្តិភាព ស្ថេរភាព​នៃតំបន់ទាំងមូល»។ នេះបើតាមអ្វីដែលមានបញ្ជាក់ក្នុង​លិខិតរបស់ លោក ស៊ី ជិនពីង។

គួរបញ្ជាក់ថា ចាប់តាំងពី​លោក ឌូតឺតេ ឡើងកាន់តំណែងជាប្រធានាធិបតី​ហ្វីលីពីន កាលពីពាក់កណ្តាល​ឆ្នាំ២០១៦ ទំនាក់ទំនងចិន និងហ្វីលីពីន ហាក់ដូចជាធូរស្រាល​ខ្លាំង បើទោះជា​ប្រទេសទាំងពីរកំពុងមានជម្លោះ​ដែនទឹកនឹងគ្នា​ នៅឯតំបន់សមុទ្រចិន​ខាងត្បូង​ក៏ដោយ។ អាចនិយាយបានថា លោក ឌូតឺតេ មាន​នយោបាយ​ទេទៅរកចិន និងរុស្ស៊ី ហើយព្យាយាម​រេចង្កូត​កាន់តែឆ្ងាយ ពីសហរដ្ឋអាមេរិក៕