(ភ្នំពេញ)៖ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវដល់សាធារណជន ក៏ជាប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលកំពុងធ្វើដំណើរនៅលើផ្លូវ។

ការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោល បានដាក់ចេញ១១ចំណុចរូមមាន៖

១៖ ត្រូវពាក់មួកសុវត្តិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។

២៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។

៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងជាដាច់ខាត។

៤៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្ដាំជានិច្ច។

៥៖ ត្រូវពាក់ខ្សែក្រវាត់សុវត្តិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។

៦៖ មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

៧៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ សង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ។

៨៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនាញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។

៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។

១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។

១១៖ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្នើប្រជាពលរដ្ឋគ្រប់រូប មេត្តាអត់ធ្មត់ ខន្តី អធ្យាស្រ័យជៀសវាងការប្រើអំពើហិង្សា ហើយទាក់ទងសមត្ថកិច្ចដែលនៅជិតបំផុត មកដោះស្រាយតាមច្បាប់ជាធរមាន៕