(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២៩១៨នេះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធាន អង្គភាពច្រកចេញចូលតែមួយ នាយករងទីចាត់ការ ប្រធាន-អនុប្រធានការិយាល័យ បំពេញរចនាសម្ព័ន្ធ រដ្ឋបាលសាលាខេត្តចំនួន៩រូប។

ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត, លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួម ពីលោកអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក អង្គភាពពាក់ព័ន្ធ ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើននាក់។

​លោក​ កើត សុធា បានថ្លែងថា ការប្រកាសប្រកាសចូលកាន់មុខតំណែង របស់មន្ត្រីរាជការសាលាខេត្ត នៅពេលនេះ គឺដើម្បីលើកកម្ពស់ ប្រសិទ្ធភាព​ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ ប្រមូលផ្តុំសេវារដ្ឋបាល នៅលើវិស័យនានា នៅកន្លែងតែមួយបង្កភាពងាយស្រួល និងធ្វើឲ្យទាន់ពេលវេលានឹងតម្រូវការ របស់ប្រជាពលរដ្ឋតាមយន្តការ ច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តប៉ៃលិន ដែលបានអនុវត្តនាពេលកន្លងមក។

លោក កើត សុធា ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ សាលាខេត្តដែលបានការប្រកាស កាន់តំណែងថ្មីទាំង៩រូប ត្រូវខិតខំយកចិត្តទុក​ដាក់បំពេញភារៈកិច្ច ដោយទទួលខុសត្រូវខ្ពស់ និងត្រូវធ្វើការបណ្តើរ សិក្សាស្វែងយល់បណ្តើរៗ ហើយអនុវត្តន៍តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានម៉ឺងម៉ាត់ និងត្រូវមានសាមគ្គីភាពទំនាក់ទំនងល្អ ជាមួយបងប្អូនប្រជាពលរដ្ឋ ហើយត្រូវចាត់ទុកខ្លួនជាអ្នកបម្រើ សេវាជូនប្រជាពលរដ្ឋ គឺមិនមែនម្ចាស់លើប្រជាពលរដ្ឋ និងត្រូវខិតខំផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សជាពិសេសមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកទៅលើការងាររបស់ខ្លួនត្រូវចេះ សាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ មានសីលធម៌ល្អ ហើយមិនត្រូវអនុវត្តន៍តួនាទី ប្រាសចាកក្រមសីលធម៌ មន្រ្តីរាជការឡើយ។

លោកស្រី គុំ ចាន់ធាវី ដែលត្រូវបានប្រកាសតែងតាំងតួនាទីថ្មី បានប្តេជ្ញាចិត្តថា ឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹ​នាំគ្រប់លំដាប់ ថ្នាក់ក្នុងនាមជានាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធាន អង្គភាពច្រកចេញចូលតែមួយ នាយករងទីចាត់ការ ប្រធាន-អនុប្រធានការិយាល័យ សូមធ្វើការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង ធ្វើការងារបន្ថែមទៀតដោយអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់លិខិតបទដ្ឋាននានា ជាធរមាន គោរពអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំខេត្តនិងរដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ ធ្វើយ៉ាងណាគោរពតួនាទី និងការចាត់តាំងរបស់​ថ្នាក់ដឹកនាំខេត្ត បន្តខិតខំប្រឹងប្រែងរៀនសូត្រ ស្រាវជ្រាវចំណេះដឹងថ្មីៗ ដើម្បីបង្កើនគុណភាពការ​ងារឲ្យ មានប្រសិទ្ធិភាពឈរលើបន្តស្មារតី ការងារជាក្រុម និងជោគជ័យជារួមដោយបន្តស្មារតីសាមគ្គីភាព ឯកភាព ស្មារតីក្រើនរំលឹកគ្នាទៅវិញទៅមកដើម្បីកែលម្អរចំណុចអវិជ្ជមាន ដើម្បីប្រសិទ្ធភាពការងារ។

មន្ត្រីរាជការសាលាខេត្តប៉ៃលិនចំនួន ៩រូប រួមមាន៖ ទី១៖ លោកស្រី គុំ ចាន់ធាវី ជានាយករងរដ្ឋបាលសាលាខេត្ត, ទី២៖ លោក យឹម ភារុណ ជាប្រធានអង្គភាពច្រកចេញចូលតែមួយ, ទី៣៖ លោកស្រី មល់ ស្រ៊ឹម ជានាយករងទីចាត់ការខេត្ត, ទី៤៖ លោក ឈាន ច័ន្ទរិទ្ធិ ជានាយករងទីចាត់ ការរដ្ឋបាល, ទី៥៖ លោក រាម សុមេធ ជានាយករងទីចាត់ការអន្តរវិស័យ, ទី៦៖ លោក ញ៉ូវ គង្គា ជាទីចាត់ការគ្រប់គ្រងធនធានមនុស្ស, ទី៧៖ កញ្ញា សួន ស៊ីកៀវ ជាអនុប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការធនធានមនុស្ស ទី៨៖ លោក តាត់ កូនណុយ ជាអនុប្រធានអង្គភាពច្រកចេញ ចូលតែមួយខេត្ត និងទី៩៖ លោកស្រី យ៉ែម សុម៉ាលី ជាអនុប្រធានអង្គភាពច្រកចេញចូលតែមួយ៕