(ភ្នំពេញ)៖ ដើម្បីកាត់បន្ថយទឹកជន់លិច តំបន់មុខសាលាក្តីខ្មែរក្រហម រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជីកស្តារប្រឡាយទួលពង្រ២ ដែលមានប្រវែង ៦,១១០ម៉ែត្រ ទទឹង៩ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៣ ដល់ប្រឡាយបឹងហារ ក្នុងខណ្ឌពោធិ៍សែនជ័យ ទៅដល់ព្រំប្រទល់ខណ្ឌដង្កោ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ មីនានេះថា ប្រឡាយទួលពង្រ២នេះ មានប្រវែង៦,១១០ម៉ែត្រ មានទទឹង៩ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៣ រហូតដល់ប្រឡាយបឹងហារ ឆ្លងកាត់សង្កាត់ចោមចៅទី១ និងចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ទៅដល់ព្រំប្រទល់ខណ្ឌដង្កោ។

លោកបន្តថា ប្រឡាយនេះបានផ្តើមជីកកាយ ប្រមាណមួយខែកន្លងមកហើយ នៅរយៈពេល១សប្តាហ៍ទៀត នឹងបញ្ចប់ជាស្ថាពរ ដែលការងារស្តារប្រឡាយទួលពង្រ២នេះ គឺដើម្បីកាត់បន្ថយឲ្យបាននូវការលិចលង់នៅក្នុងរដូវវស្សានេះ ពិសេសនៅតំបន់មុខសាលាក្តីខ្មែរក្រហម ផ្លូវជាតិលេខ៤។

គួរបញ្ជាក់ថា ក្នុងគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចចំនួន៥គម្រោង លើចំនួន៥តំបន់ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ។

តំបន់លិចទឹកទាំង ៥កន្លែងដែលត្រូវដោះស្រាយនេះរួមមាន៖

ទី១-តំបន់ផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។

ទី២-តំបន់មហាវិថីសហព័ន្ឋរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ី ទៅភ្ជាប់ប្រឡាយទួលសំពៅ និង១ខ្សែទៀតទៅភ្ជាប់ប្រឡាយចំការឳឡឹក។

ទី៣-តំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ។ គម្រោងនឹងដាក់លូប្រអប់ទំហំ ៦.៨ម៉ែត្រ និង៤.៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ សឡា ផ្លូវណ័រប្រ៊ីត ផ្លូវដួងងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរី សឡា។

ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ និងផ្លូវអបប្រឡាយ

និងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន, ដូនពេញ, ៧មករា និងទួលគោក។

ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន ៤កន្លែងទៀតផងដែរ ដូចជា ទី១នៅស្ថានីយ៍បុរី១០០ខ្នង, ទី២ស្ថានីយ៍លូ ៥, ទី៣ស្ថានីយ៍បឹងទំពុន និងទី៤ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដងថែមទៀត៕