(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តមន្ត្រីអធិការកិច្ច នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការពង្រឹងសមត្ថភាពថែមទៀត ដើម្បីធានាបាននូវឯករាជ្យភាពរបស់ខ្លួនក្នុងការដឹកនាំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តលក្ខខណ្ឌការងារ របស់បណ្តារោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា នាពេលអនាគត។

ការលើកទឹកចិត្តរបស់ ​លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការអនុវត្តលក្ខខណ្ឌការងារ នៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ក្រោមការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង តំណាងសមាគមរោងចក្រកាត់ដេរកម្ពុជា (G-MAC) និងតំណាងអង្គការពលកម្មអន្តរជាតិ នៃគម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា (ILO/BFC)។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺធានាបាននូវភាពម្ចាស់ការនៅក្នុងការដឹកនាំ និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម សំដៅប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំនូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។

លោក ប៉ាន សូរស័ក្ដិ ក៏បានសំណូមពរដល់ភាគីពាក់ព័ន្ធបន្តធ្វើការជាមួយគ្នា តាមរយៈគម្រោង BFC ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ភាពអនុលោម នៃលក្ខខណ្ឌការងារ នៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សំដៅទាក់ទាញទំនុកចិត្តកាន់តែច្រើនពីអ្នកបញ្ជាទិញធំៗលើពិភពលោក។

ទន្ទឹមគ្នានេះ លោក​ក៏បានថ្លែងអំណរគុណដល់គម្រោង BFC ដែលបានរួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការចូលរួមពង្រឹងបទដ្ឋានការងារ ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់ ជាមួយឧស្សាហកម្មវាយនភណ្ឌកម្ពុជា ហើយលោកបានគាំទ្រ ដល់គំនិតផ្តួចផ្តើមរបស់គម្រោង ILO/BFC ក្នុងការបង្កើតក្រុមការងារដឹកជញ្ជូន ដើម្បីធានាសុវត្ថិភាពធ្វើដំណើររបស់កម្មករ-កម្មការនី និងរក្សាផលិតភាពរបស់កម្ពុជា​ផងដែរ។

សូមបញ្ជាក់ថា គម្រោង ILO/BFC ត្រូវបានអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១១ ក្នុងគោលបំណងបង្កើនភាពអនុលោមតាមបទដ្ឋានការងារ ក្នុងវិស័យវាយនភណ្ឌ បង្កើតឲ្យមានឧស្សាហកម្មកាន់តែប្រសើរ និងប្រាក់ចំណេញកាន់តែច្រើន។ បច្ចុប្បន្ន គម្រោងនេះបានកៀងគរភាគីពាក់ព័ន្ធមកពីគ្រប់កម្រិត នៃឧស្សាហកម្មកាត់ដេរ ដើម្បីរួមគ្នាកែលម្អនូវលក្ខខណ្ឌការងារ គោរពសិទ្ធិការងារ និងជំរុញភាពប្រកួតប្រជែងសម្រាប់វិស័យកាត់ដេរនៅកម្ពុជា៕