(កែប)៖ នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានស្នើឲ្យសមត្ថកិច្ចនគរបាលទូទាំងខេត្តកែប បន្ដពង្រឹងសន្ដិសុខ សុវត្ថិភាព បន្ថែមទៀត ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលេងកំសាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ។

ការស្នើបែបនេះ ក្នុងឱកាសដែលនាយឧត្ដមសេនីយ៍ ថោង លីម អញ្ជើញជាអធិបតីភាពចូលរួមបិទ សន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តកែប នាព្រឹកថ្ងៃទី២៧ ខែមីនានេះ។

ពិធីបិទសន្និបាត បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ និងលើកទិសដៅការងារបន្ដនៅឆ្នាំក្រោយ ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោក កែន សត្ថា អភិបាលខេត្តកែប, ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធជុំវិញខេត្តកែបជាច្រើនរូប។

បើតាមរបាយការណ៍ ជារួមសភាពការណ៍ សន្តិសុខសណ្ដាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកែប មានភាពល្អប្រសើរ ពុំមានបញ្ហាអសកម្ម កើនឡើងធ្ងន់ធ្ងរនោះទេ ទោះបីជាមាន បទល្មើសមជ្ឈឹម កើនឡើង០៤ករណី បទល្មើសគ្រឿង ញៀនមាន០៧ករណី គ្រោះថ្នាក់ចរាចរណ៍ថយចុះ០៦ករណី គ្រោះថ្នាក់ផ្សេងៗ

របាយការណ៍ បញ្ជាក់ទៀតថា ដូចជាអគ្គិភ័យ ថយចុះ០៩ករណី ជនបរទេសរងគ្រោះ០៨ករណី និងជនបរទេសប្រព្រឹត្តបទល្មើស០២ករណី ជនល្មើសត្រូវបានបញ្ជូនទៅតុលាការ និងពិន័យតាមច្បាប់កំណត់។

នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានកើតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរ បាលខេត្តទាំងមូល ក្រោមការដឹកនាំដោយផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប។

លោកនាយឧត្ដមសេនីយ៍ ថោង លីម បានដាក់ចេញនូវវិធានការ ផែនការការងារ និងផ្ដល់អនុសាសន៍ដឹកនាំបន្ថែម ដើម្បីឲ្យស្នងការដ្ឋាននគរ បាលខេត្តកែបអនុវត្តទទួល បានលទ្ធផលកាន់តែល្អប្រសើរថែមទៀត។

ថ្លែងក្នុងពិធីនេះដែរ លោកនាយឧត្ដមសេនីយ៍ ថោង លីម បានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិផងដែរ។

ជាមួយគ្នានោះ ក៏មានការប្រគល់សម្ភារបរិក្ខារអេឡិចត្រូនិច សម្រាប់បម្រើការងារក្នុងការិយាល័យ រួមទាំងថវិកា លិខិតសរសើរ ប័ណ្ណសរសើរការងារ ជូនមន្ត្រីនគរបាលខេត្តកែប និងមន្ត្រីរាជការពាក់ព័ន្ធ នៅក្នុងខេត្តដែលមានស្នាដៃល្អ ក្នុងបំពេញការងារកន្លងមកពីសំណាក់ លោកនាយឧត្ដមសេនីយ៍ ថោង លីម និងអភិបាលខេត្តកែប៕