(ភ្នំពេញ)៖ កម្ពុជានឹងរៀបចំពិព័រណ៍អាស៊ាន-ចិន ឆ្នាំ២០១៨ លើកទី១៥ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ដែលប្រព្រឹត្ដឡើង នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីពិព័រណ៍កម្ពុជាចិន-អាស៊ាន ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ លោក ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មនេះ រៀបចំឡើងក្នុងគោលបំណង ជំរុញពាណិជ្ជកម្មទ្វេភាគី និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ស្របតាមយុទ្ធសាស្ដ្រ អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ លើវិស័យពាណិជ្ជកម្មរវាងកម្ពុជា-ចិន។

លោក ស៊ាង ថៃ បានបន្ដថា ការរៀបចំពិព័រណ៍នេះឡើង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ ក្នុងឱកាសកម្ពុជា នឹងត្រូវធ្វើជាប្រទេសកិត្ដិយស នៅក្នុងពិព័រណ៍ពាណិជ្ជកម្ម ចិន-អាស៊ាន លើកទី១៥ ឆ្នាំ២០១៨ និងដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី១៥ នៃការបង្កើតភាពដៃគូជាយុទ្ធសាស្ដ្ររវាងអាស៊ាន និងចិន និងពិព័រណ៍ពាណិជ្ជកម្ម ចិន-អាស៊ាន ជាពិសេសដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

អ្នកស្រី ឈិន មីន អនុប្រធានមន្ទីរទំនាក់ទំនង នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន បានថ្លែងថា «ពិព័រណ៍កម្ពុជាលើកនេះ គឺជាពិព័រណ៌ត្រាច់ចរ អាស៊ានលើកដំបូង ដែលលេខាធិការដ្ឋាន ពិព័រណ៍ចិន-អាស៊ាន ប្រារព្ធធ្វើនៅកម្ពុជា ដោយទទួលបានការគាំទ្រពីសំណាក់ខេត្ត-ក្រុង និងតំបន់ក្នុងប្រទេសចិន ក៏ដូចជាក្រសួងដែលពាក់ព័ន្ធរបស់ភាគីកម្ពុជា»

បើតាមលោក ស៊ាង ថៃ បានឲ្យដឹងថា នៅក្នុងពិព័រណ៍កម្ពុជា ចិន-អាស៊ាន ឆ្នាំ២០១៨នេះ មានស្ដង់សរុបចំនួន៤៤០ ដែលក្នុងនោះកម្ពុជាមានចំនួន៥៤ស្ដង់ និងក្រុមហ៊ុនចូលរួមសរុបចំនួន ២៩០ក្រុមហ៊ុន មកពីបណ្ដាខេត្ត-ក្រុងធំៗ របស់ប្រទេសចិន និងមានក្រុមហ៊ុនល្បីៗមួយចំនួន ដូចជា៖ ក្រុមហ៊ុន China Unicom និងក្រុមហ៊ុន Guangdong Nuclear Power ជាដើម។

ព្រឹត្ដិការណ៍ពិព័រណ៍នេះ នឹងដាក់តាំងបង្ហាញនូវប្រភេទផលិតផល និងសេវាកម្មច្រើនវិស័យ ដូចជា៖ វិស័យកសិ-ឧស្សាហកម្ម វិស័យឧស្សាហកម្មធុនស្រាល និងមធ្យមវិស័យ ហេដ្ឋារចនា សម្ព័ន្ធ និងសំណង់ វិស័យបច្ចេកវិទ្យាព័ត៌មាន វិស័យសេវាកម្មទេសចរណ៍ អប់រំ និងធនធាន មនុស្ស ហិរញ្ញវត្ថុ និងធនាគារ ស្រាវជ្រាវ និងអភិវឌ្ឍន៍ ដឹកជញ្ជូន និងវិស័យពាក់ព័ន្ធ ដទៃទៀត។

ពិព័រណ៍កម្ពុជា ចិន-អាស៊ាន ឆ្នាំ២០១៨នេះ ជាវេទិការដ៏សំខាន់មួយ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការទូត ព្រមទាំងវប្បធម៌រវាងប្រទេសទាំងពីរ ជាពិសេសបង្កើត កានុវត្ដភាពវិនិយោគ និងសកម្មភាពពាណិជ្ជកម្ម ក៏ដូចជាពង្រឹកគោលដៅទីផ្សារទាំងក្នុងស្រុក និងក្នុងតំបន់ ក្រោមក្របខ័ណ្ឌទីផ្សារសេរីអាស៊ាន-ចិន និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។ វេទិកានេះ ក៏ជួយជំរុញសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំកំពូលអាស៊ាន-ចិន ក្នុងកិច្ចប្រជុំ កំពូលអាស៊ាន-ចិន លើកទី៧ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៣។

ពិព័រណ៍ពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងដោយ លេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហការរៀបចំដោយប្រទេសសមាជិកអាស៊ានទាំង១០ ដែលក្នុងឆ្នាំនីមួយៗ ប្រទេសសមាជិកអាស៊ានមួយ នឹងត្រូវទទួលធ្វើជាប្រទេសកិត្ដិយស។ ឆ្នាំនេះ ជាខួបលើកទី១៥ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន ដែលកម្ពុជា ជាប្រទេសកិត្ដិយស៕