(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំមេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធរួម និងអាជ្ញាធរភូមិ ឃុំ ស្រុក បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងដីទំនាស់រវាងប្រជាសហគម និងក្រុមហ៊ុនចំការពៅ ដែលនៅសេសល់ ដើម្បីឈានទៅរកដំណោះសា្រយបញ្ចប់ជាស្ថាពររវាងភាគីទាំងពីរ ដែលស្ថិតក្នុងឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានថ្លែងថា ការចុះមកពិនិត្យដល់ទីតាំងជាក់ស្តែងដីទំនាស់ រវាងប្រជាសហគម និងក្រុមហ៊ុនចំការអំពៅរបស់ចិន នៅពេលនេះ គឺយើងចង់ដឹង និងចង់ស្រាវជ្រាវរកមូលហេតុពិតប្រាកដ នៃទំនាស់ដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់ នៅពេលខ្លីខាងមុខនេះ។ ពោលគឺមិនឲ្យមានអ្នកឈ្នះ និងមិនឲ្យមានអ្នកចាញ់ទេ ហើយការដោះស្រាយយើងឈរលើគោលការណ៍ច្បាប់ជាចំបង។

លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់បន្ថែមថា ជាទូទៅបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចំការអំពៅរបស់ចិន មកដល់សព្វថ្ងៃនេះ គឺនៅសល់ទំនាស់តិចតួចទេ ដូច្នេះយើងចុះមកថ្ងៃនេះ គឺក្នុងគោលបំណងបញ្ចប់ទំនាស់តិចតួចនេះឲ្យអស់មិនឲ្យនៅសេសសល់ទៀតទេ។

ឆ្លៀតក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានបន្តដំណើរចុះពិនិត្យទីតាំងនៅចំណុចអូរដាវ ភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដែលកន្លងមកត្រង់ចំណុចត្រូវបានជនល្មើសបាចថ្នាំពុលដាក់ចាប់សត្វធ្វើឲ្យសត្វគោក្របីរបស់ប្រជាពលរដ្ឋ និងសត្វស្លាបជាច្រើនងាប់ជាបន្តបន្ទាប់ ជាមួយនឹងវិធានការការពារកុំឲ្យមនុស្ស ឬសត្វពុលស្លាប់ ឬងាប់ជាបន្តទៅទៀត លោកអភិបាលខេត្តបានណែនាំឲ្យអាជ្ញាធរស្រុកឆែប ត្រូវសរសេរ ប្រាប់ប្រជាពលរដ្ឋ ហើយយកទៅបិទនៅទីតាំងនោះ កុំឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកនោះព្រោះមានជាតិពុល និងត្រូវព័ទ្ធរបងជុំវិញទីតាំងនេះ ឲ្យបានរឹងមាំកុំឲ្យសត្វគោក្របីចូលតទៅទៀត៕