(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលបានធ្វើឡើងអស់រយៈពេល១ថ្ងៃកន្លះរួចមកនោះ។

សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងសុខាភិបាល ដើម្បីបានផ្តល់អនុសាសន៍ និងការក្រើនរំលឹកមួយចំនួនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលក្នុងការបង្កើនប្រសិទ្ធភាពលើការផ្តល់សេវាសុខាភិបាល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា សន្និបាត១ថ្ងៃកន្លះកន្លងទៅនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាព ថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងគណៈវិជ្ជាជីវៈសុខាភិបាល សមាគមវិជ្ជាជីវៈសុខាភិបាល និងដៃគូអភិវឌ្ឍផ្នែកសុខាភិបាលសរុប ៥៥៥រូប។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ការផ្តល់សេវាថែទាំសុខភាព បានបន្តស្ថិតនៅលើមាគ៌ាវឌ្ឍនភាពតាមរយៈកំណើននៃការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះករណីពិនិត្យជំងឺក្រៅមានចំនួនសរុប ១៣,១៨២,៨៣៤នាក់ និងសម្រាកព្យាបាលដោយមិនរាប់បញ្ចូលអ្នកជំងឺរបេងមានចំនួនសរុប ៨៧២,៨៧១នាក់ ដែលក្នុងនោះមានករណីវះកាត់ធំចំនួន ១១៧,២១៤ករណី។

រីឯអត្រាស្លាប់របស់អ្នកជំងឺសម្រាកព្យាបាលមានកម្រិតទាបត្រឹម ០,៨៧%។ លោករដ្ឋមន្ត្រីកត់សម្គាល់ថា ក្នុងឆ្នាំ២០១៧ ក្រសួងសុខាភិបាលបានធ្វើការវាយតម្លៃគុណភាពសេវាតាមក្រិតក្រមបច្ចេកទេសនៅមណ្ឌលសុខភាពចំនួន ៤៥៣មន្ទីរពេទ្យបង្អែកស្រុក ២៩ មន្ទីរពេទ្យបង្អែកខេត្ត១៣ ចំនួនពីរលើកជាបន្តបន្ទាប់ក្នុងចន្លោះពេលបីខែម្តង។ លទ្ធផលបានបង្ហាញថា គុណភាពសេវានៅមូលដ្ឋានសុខាភិបាលទាំងអស់នោះត្រូវបានកែលម្អឲ្យប្រសើរឡើងដោយសារពិន្ទុគុណភាពបានកើនឡើងជាមធ្យម ២០% រវាងការវាយតម្លៃនៅលើកទី១ និងលើកទី២។

ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលមានកម្រិតខ្ពស់រហូតដល់ ៨៥% នៃចំនួនស្ត្រីមានគភ៌រំពឹងទុក ៣៦៩.៧៥៩នាក់។ វឌ្ឍនភាពនេះនឹងធ្វើឲ្យអត្រាមរណមាតា និងទារកថយចុះថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ ខណៈដែលសេវាសម្ភព សង្គ្រោះបន្ទាន់ និងថែទាំទារកកំពុងត្រូវបានពង្រីក ដើម្បីជួយសង្គ្រោះជីវិតស្រ្តីមានគភ៌ប្រឈមនឹងគ្រោះថ្នាក់នៅពេលសម្រាល និងទារកកើតមិនគ្រប់ខែ។

ការគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺសម្រេចបាន៩០,៥៨% នៃកុមារចំណុចអាយុក្រោម១ឆ្នាំ។ រីឯកុមារអាយុក្រោម៥ឆ្នាំ ដែលបានមកពិនិត្យជំងឺករណីថ្មីមានចំនួនសរុប ២,៥៧៧,៥៤៥ករណី ឬជាមធ្យមកុមារម្នាក់ បានមកពិនិត្យជំងឺ ១ ដងកន្លះ ក្នុង១ឆ្នាំ។ ដោយឡែក អន្តរាគមន៍អាហារូបត្ថម្ភ បានផ្តោតជាបឋម លើការបំបៅដោះទារកដោយទឹកដោះម្តាយ ក្នុងអំឡុង១ម៉ោងដំបូងនៃកំណើត ការផ្តល់មីក្រូសារជាតិដល់ស្ត្រីមានគភ៌ និងស្ត្រីក្រោយសម្រាល និងកុមារ។ កម្មវិធីប្រយុទ្ធជំងឺឆ្លងកំពុងបន្ដស្ថិតនៅលើមាគ៌ាវឌ្ឍនភាព។ ករណីឆ្លងថ្មីនៃមេរោគអេដស៍មានចំនួន ៥៧២នាក់។ ឯការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍បានគ្របដណ្តប់៨៥% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។ អត្រាព្យាបាលជោគជ័យនៃជំងឺរបេងរក្សាបានលើសពី៨៥% ក្នុងរយៈពេល១៩ឆ្នាំជាប់ៗគ្នា។ ករណីឈឺនៃជំងឺគ្រុនចាញ់បានកើនឡើងបន្តិចក្នុងឆ្នាំ២០១៧ ប៉ុន្តែអត្រាស្លាប់ទាបបំផុតគឺ០,០១ ក្នុងប្រជាជន១សែននាក់។ វឌ្ឍនភាពនេះនឹងបន្តឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ជំងឺ គ្រុនចាញ់នៅឆ្នាំ២០២៥។

ការពង្រីកការគ្របដណ្តប់នៃសេវាពិនិត្យ និងព្យាបាលជំងឺមិនឆ្លងរ៉ាំរ៉ៃ បានធ្វើឲ្យមានកំណើននៃការប្រើប្រាស់សេវាទាំងនោះគួរឲ្យកត់សម្គាល់ ដូចជា ប្រជាជនអាយុពី ២៥-៦៤ឆ្នាំ ដែលមានជំងឺលើសសម្ពាធឈាមបានទទួលការព្យាបាលបានកើនឡើងពី ៣០% ក្នុងឆ្នាំ២០១៦ ទៅ ៣៣,៨៨% ក្នុងឆ្នាំ២០១៧ និងប្រជាជនអាយុពី២៥-៦៤ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម បានទទួលការព្យាបាលបានកើនឡើងពី ២០,៤២% ទៅ ២៦,៥២% អ្នកប្រើប្រាស់គ្រឿងញៀន បានទទួលសេវាព្យាបាលបានកើនឡើងពី ២៨% ទៅ ៣០,១១% នៅក្នុងរយៈពេលដូចគ្នាខាងលើនេះ។ សេវាសុខភាពមាត់-ធ្មេញ បង្ការភាពងងឹតភ្នែក របួសដោយសារគ្រោះថ្នាក់ចរាចរ សុវត្ថិភាពចំណីអាហារ សុខភាពបរិស្ថានកំពុងស្ថិតក្នុងវឌ្ឍនភាព។ គួរបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការសុខភាពពិភពលោកថាបានលុបបំបាត់ជំងឺភ្នែក ត្រាក់កូមនៅឆ្នាំ២០១៧។

ជាមួយការបង្ហាញនូវសមិទ្ធផលការងារឆ្នាំចាស់លោករដ្ឋមន្ត្រី បានឲ្យដឹងថា សន្និបាតក៏បានកំណត់ទិសដៅការងារសម្រាប់ឆ្នាំថ្មីផងដែរ។ ទិសដៅការងារឆ្នាំថ្មីរួមមាន៖

ទិសដៅការងារឆ្នាំ២០១៨៖ ដើម្បីបន្តលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តសុខាភិបាល២០១៦-២០២០ ទិសដៅការងារឆ្នាំ២០១៨ និងឆ្នាំបន្ត ក្នុងវិស័យសុខាភិបាលនឹងផ្តោតជាចម្បងលើ៖

១៖ បង្កើនលទ្ធភាពឲ្យប្រជាពលរដ្ឋទទួលបាន និងការប្រើប្រាស់សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការព្យាបាលថែទាំ ស្តារនីតិសម្បទា មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ការយកចិត្តទុកដាក់ខ្ពស់ដល់ការប្រតិបត្តិគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជាពិសេសប្រជាពលរដ្ឋក្រីក្រ កម្មករ/និយោជិតក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និវត្តន៍ជន ជនចាស់ជរាគ្មានទីពឹង ជនពិការ ក្រុមប្រឹក្សាឃុំ/សង្កាត់ មន្ត្រីភូមិ កីឡាករ កីឡាការិនី កម្មករត្រីចក្រយាន្ត និងប្រតិបត្តិករដោះមីន។

២៖ បង្កើនចំណាយថវិកាជាតិលើការថែទាំសុខភាពប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ប្រសិទ្ធ ភាពនៃការប្រើប្រាស់ធនធានដែលមាន ដោយរាប់បញ្ចូលទាំងចំណាយរបស់គ្រួសារលើសុខភាព។

៣៖ ផ្តល់ការបណ្តុះបណ្តាលមូលដ្ឋាន និងការបណ្តុះបណ្តាលបន្តគ្រប់គ្រាន់ ផ្តោតលើសមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ បែងចែកបុគ្គលិកដោយសមធម៌ ព្រមទាំងផ្តល់ការលើកទឹកចិត្តសមស្រប។

៤៖ ផ្គត់ផ្គង់ឱសថ បរិក្ខារ និងធនធានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ រួមមាន អគារ ឧបករណ៍ពេទ្យ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត និងបណ្តាញព័ត៌មានវិទ្យាដល់មូលដ្ឋានសុខាភិបាលសាធារណៈ។

៥៖ ពង្រឹងការគ្រប់គ្រងព័ត៌មានវិទ្យាសុខាភិបាល និងការប្រើប្រាស់ព័ត៌មាន ដើម្បីពង្រឹងការគ្រប់គ្រងសេវា និងប្រព័ន្ធអង្កេតតាមដាន និងឆ្លើយតបជំងឺ ការពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាព និងលើកកម្ពស់ការសិក្សាស្រាវជ្រាវសុខាភិបាល។

៦៖ ពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសសមត្ថភាពនិយតកម្ម ដើម្បីពង្រឹងការអនុវត្តច្បាប់និងនីតិក្រមសុខាភិបាល ទាំងផ្នែកសាធារណៈ និងឯកជន និងបង្កើនគណនេយ្យភាពលើសុខភាពនៅមូលដ្ឋាន៕