(​ភ្នំពេញ)៖ លោក សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែង​កោតសរសើរដល់ផលិតករទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីផលិតរឿងដាក់បញ្ចាំង នៅលើទីផ្សាររបស់ភាពយន្តខ្មែរ និងសុំឲ្យផលិតករទាំងអស់នោះ កុំមានចិត្តរារែក ឬស្ទាក់ស្ទើរអ្វីឲ្យសោះ ជាមួយនឹងបទដ្ឋានគត្តិយុទ្ធនានា​របស់ក្រសួង ទៅលើផលិតកម្ម ខណៈទីផ្សារភាពយន្តខ្មែរ នៅក្នុងប្រទេស កំពុងតែជួបប្រទះនូវការខ្វះខាតច្រើន ដែលមិនទាន់អាចឆ្លើយតប តាមតម្រូវការ របស់ទស្សនិកជនបានឡើយ។

ការថ្លែងបែបនេះ របស់លោក លោក សោម សុគន្ធ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង ​វិចិត្រសិល្បៈ គឺក្នុងឱកាសដែលលោក អញ្ជើញជាអធិតីភាពសម្ពោធខ្សែភាពយន្ត បែបយុវវ័យថ្មីមួយទៀត មានចំណងជើងថា «កំពូលអ្នកថត Selfie» ដែលជាវណ្ណកម្មរបស់ផលិតកម្ម ខ្មែរមេគង្គ ​នាល្ងាចថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៨នេះ នៅរោងភាពយន្ត Major ផ្សារទំនើបសូរីយា ដោយក្នុងនោះ ក៏មានការអញ្ជើញចូលរួម ​ពីសំណាក់ផលិតករជាតិ និងអន្តជាតិ ព្រមទាំងតារាសម្ដែង និងទស្សនិកជន យ៉ាងច្រើនកុះករ។

រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និង ​វិចិត្រសិល្បៈរូបនេះ បានថ្លែងសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្ននេះ ទីផ្សារភាពយន្តខ្មែរកំពុងតែមានការខ្វះខាតច្រើនណាស់ ជាក់ស្ដែងការរាយការណ៍ឲ្យដឹង ពីសំណាក់អ្នកគ្រប់គ្រងរោងភាពយន្ត គឺក្នុងមួយឆ្នាំ មានភាពយន្តខ្មែរប្រមាណ២៥ទៅ៣០ភាគរយប៉ុណ្ណោះ ដាក់បញ្ចាំងលើរោង​ភាពយន្តនានា ក្រៅពីនោះ គឺសុទ្ធសឹង​តែ​ភាពយន្តបរទេស​ទាំងអស់។ ដូច្នេះលោកសូមធ្វើការលើកទឹកចិត្ត ដល់បណ្ដាផលិតកទាំងអស់ ក្នុងប្រទេសកម្ពុជា មេត្តារួមដៃគ្នាផលិតភាពយន្តឲ្យបានច្រើន ​និងកុំរារែកចិត្តឲ្យសោះ ជាពិសេសតាមអ្វី​​ដែលលោករំពឹងទុក ការតម្រូវឲ្យផលិតករ ឬតារាសម្ដែងបង់ពន្ធផ្សេងៗចូលរដ្ឋ នាពេលកន្លងមកនោះ ក្រសួងនឹងអាចពិចារណាបន្ធូរបន្ថយ នៅក្នុងចំណុចណាមួយ និង ក្នុងរយៈពេលច្រើនឆ្នាំទៀត ដើម្បីទុកលទ្ធភាព​ឲ្យភាពយន្តខ្មែរ កាន់តែរីកចម្រើនជាងនេះ បន្ថែមទៀត។

ដោយឡែកផលិតករឿង «King Selfie» បានថ្លែងបញ្ជាក់ថា រឿង «King Selfie» ជាស្នាដៃថ្មីមួយទៀត របស់ផលិតករភាពយន្ត បន្ទាប់​​​​​​​បានទទួលពានរង្វាន់​​​ ភាពយន្ត​​​ឆ្នើមប្រចាំ​មហោស្រព​​​ ថ្នាក់ជាតិកន្លង​​ទៅ។ រឿង «កំពូលអ្នកថត Selfie» រៀបរាប់ពីដំណើររបស់យុវវ័យសម័យបច្ចុប្បន្ន ដែលឈ្លក់វង្វេងនឹងការថតរូប selfie រហូតបានក្លាយជា តារាតាមទូរទស្សន៍ដ៏ល្បី តែបែរជាបាត់បង់មិត្តភក្តិ ដ៏ស្និទ្ធរបស់ខ្លួនទៅវិញ។ នេះជាសមិទ្ធផលថ្មីមួយទៀត រឿងនេះបង្ហាញពីការនិយមថតរូប របស់យុវវ័យសម័យថ្មី ដំណើរដែលក្លាយជាតារា ហើយក៏ត្រូវបង្ខំចិត្តធ្វើ​កិច្ចការមួយចំនួន ដែលខ្លួនមិនចង់ធ្វើរហូតដល់ចំណុចមួយ ដែលមិនអាចបកក្រោយ​បាន។ រឿងនេះនឹងដាក់បញ្ចាំង គ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ នេះតទៅ។​​​

សូមបញ្ជាក់ថា ភាពយន្ត​រឿង «King Selfie ឬកំពូលអ្នកថត Selfieតួ » មានការចូលរួមសម្ដែង ដោយតារាល្បីៗ​ជាច្រើនដួង រួមមាន លោក ខាត់ សម្បត្ដិ កិត្យា​, លោក សេង រតនៈ​, កញ្ញា ឃុន ចន្ទ័ ម៉ូនណា​, កញ្ញា ឌី សូនីតា​, កញ្ញា សុវណ្ណ រ៉ាផា, លោក ដាង កុសល ព្រមទាំងតារាប្រុសស្រី ជាច្រើនរូបទៀត៕