(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានធ្វើការចែកពូជស្រូវក្រអូបដល់ប្រជាកសិករ ក្នុងសហគមន៍កសិកម្មនាងទាវ ក្នុងគម្រោងជំរុញផលិតកម្មស្បៀង ស្ថិតក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្តល់ហិរញ្ញប្បទានថវិកាជាតិទាំងស្រុង២០លានដុល្លារអាមេរិក ដើម្បីជំរុញផលិតកម្មស្រូវក្រអូប និងបន្លែសុវត្ថិភាព នៅក្នុងខេត្តចំនួន១១ ដោយគិតគូរពីការផ្សារភ្ជាប់ទីផ្សារ ក្នុងនោះមានខេត្តត្បូងឃ្មុំផងដែរ។

លោក លី ឡេង បន្តថា ដោយឡែក នាពេលនេះ ប្រជាកសិករដែលជាសមាជិកសហគមន៍កសិកម្មចំនួន១១៣គ្រួសារ នឹងទទួលបានពូជស្រូវក្រអូប៩៧,៥០០គីឡូក្រាម សម្រាប់អនុវត្តលើផ្ទៃដី៦៥០ហិកតា ដែលឧបត្ថម្ភមួយចំនួនពីរាជរដ្ឋាភិបាល ដើម្បីយកទៅបង្កបង្កើនផល តាមស្រែរៀងៗខ្លួន ហើយសង្ឃឹមថានឹងទទួលបានទិន្នផលល្អជាទីគាប់ចិត្ត។

លោកអភិបាលខេត្ត ក៍បានធ្វើការជំរុញដល់មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បន្តយកចិត្តទុកដាក់ណែនាំបច្ចេកទេសថ្មីៗ ដល់ប្រជាកសិករ ព្រមទាំងតាមដានត្រួតពិនិត្យជួយអន្តរាគមន៍ អោយបានទាន់ពេលវេលា ក្នុងករណី មានលេចចេញនូវជំងឺ ឬសត្វល្អិតយាយីដល់ដំណាំស្រូវរបស់កសិករ ជាពិសេសអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ ក៍ត្រូវតាមដាន និងរាយការណ៍ជាបន្ទាន់ទៅមន្ត្រីជំនាញ ក្នុងករណីជួបនូវបញ្ហា និងការលំបាកក្នុងផលិតកម្មកសិកម្ម ព្រោះថា «ការលំបាករបស់ប្រជាកសិករ គឺជាការលំបាករបស់រាជរដ្ឋាភិបាល និងយើងទាំងអស់គ្នា»

បើតាម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ គម្រោងជម្រុញផលិតកម្មស្បៀង របស់មន្ទីរ បានពង្រីកទំហំផលិតកម្មពូជស្រូវ ចំនួន៩៦គ្រូសារ លើផ្ទៃដី៥៧ហិកតា និងផលិតស្រូវចំណី ជាង១០០០គ្រួសារ លើផ្ទៃដីជាង១៦៦០ហិកតាបន្ថែមទៀត ហើយពូជដែលប្រើប្រាស់ មានពូជសែនក្រអូប (ស្រូវរយៈពេលខ្លី) និងស្រូវផ្ការំដួល (ស្រូវកណ្តាល) ។

លោក បន្តថា នាថ្ងៃនេះ ប្រជាកសិករចំនួន១១៣គ្រួសារ នឹងទទួលបានពូជស្រូវសុទ្ធល្អ ពីគម្រោងជំរុញផលិតផល ដោយ១ហិកតា កសិករនឹងទទួលបានពូជស្រូវក្រអូប ចំនួន១៥០គីឡូក្រាម ដើម្បីជួយដោះស្រាយការលំបាក លើការចំណាយប្រាក់ទិញពូជនេះ ក្នុងការដាំដុះ។ តាមគម្រោងពូជនេះមានតម្លៃ៣០០០រៀល ក្នុង១គីឡូក្រាម ប៉ុន្តែរាជរដ្ឋាភិបាល តម្រូវឲ្យប្រជាកសិករចំណាយត្រឹមតែ ១០០០រៀល ក្នុង១គីឡូក្រាម ចំណែក២០០០រៀលទៀត ជាការឧបត្ថម្ភធនពីរាជរដ្ឋាភិបាល៕