(ភ្នំពេញ)៖ ពលការនីខ្មែរឥស្លាមម្នាក់ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរដ្ឋាភិបាលកម្ពុជាជួយមកមាតុភូមិវិញ នៅយប់ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨នេះ នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលពលការិនីរងគ្រោះដោយសារចាញ់បោកមេខ្យល់ជាអ្នកជិតខាង បានឃុបឃិត​ជាមួយក្រុមហ៊ុនអនាមឹកនៅវៀតណាម នាំទៅធ្វើការជាស្ត្រីមេផ្ទះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានវិលមកដល់មាតុភូមិវិញ យ៉ាងមានសុវត្ថិភាពបំផុត​ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជា ប្រចាំរដ្ឋអរហ្ស៊ីប និង​ប្រចាំរដ្ឋគុយវ៉ែត រួមជាមួយកិច្ចសហការជ្រោមជ្រែងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​។

ពលការិនីរងគ្រោះ​ ឈ្មោះ ម៉ាន គីរ៉ស់ អាយុ​២៨ឆ្នាំ​ រស់នៅស្រុកពញ្ញាក្រែក ខេត្ត​ត្បូង​ឃ្មុំ​​។ ស្ត្រីរងគ្រោះឲ្យដឹងថា នាងបានចាញ់ការលួងលោមពី មេខ្យល់ប្ដីប្រពន្ធមួយគូរ ដែលត្រូវជាបងប្អូនផងនោះ ឲ្យទៅធ្វើការនៅប្រទេសអារ៉ាប់ តាមរយៈក្រុមហ៊ុននៅវៀតណាមមួយដែលមិនចាំឈ្មោះ​។

នាងបន្តថា ធ្វើការបាន១ឆ្នាំជាង ម្ចាស់ផ្ទះចាប់ផ្ដើមរករឿងនាង​មិនផ្ដល់ប្រាក់ខែនោះទេ នាងក៏សួរជាច្រើនលើកច្រើនសារ ហើយមើលទៅលើស្ថានភាពមិនស្រួល នាងសុំមកក្រុមហ៊ុនវិញ ប៉ុន្តែបែជាម្ចាស់ផ្ទះហែកចោលលិខិតឆ្លងដែន និង​ឯកសារនានាផ្សេងទៀត​។​

ក្រុមហ៊ុនអនាមិកខាងលើ ដែលមិនមានប្រភពច្បាស់លាស់នៅប្រទេសវៀតណាម បានបោកប្រាស់នាងបន្តទៀត ដោយនាំទៅធ្វើការនៅផ្ទះផ្សេង ទៅព្រឹកវិលល្ងាច រយៈពេល៤ខែ ដោយមិនមានកម្រៃអ្វីសោះ នាងក៏សម្រេចស្វែងរកជំនួយតាមរយៈស្ថានទូតថៃ ស្ថានទូតវៀតណាម ប៉ុន្តែគេមិនអើពើ​​នាងក៏សម្រេចទៅ ស្ថានទូតគូវែត ជាសំណាងល្អ​ស្ថានទូតគូវែត ក៏បានយកដំណឹងនេះ​ទៅកាន់រាជទូតខ្មែរនៅប្រទេសអេហ្ស៊ីប ដែលមានលោក ស្មាន ម៉ាណាន ជារាជទូត​។

ពេលទទួលដំណឹងភ្លាម លោកអគ្គរាជទូតខ្មែរ​​ ក៏បានទាក់ទងមកសិស្សខ្មែរឥស្លាម​ ដែលកំពុងរៀននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យមកជួយសព្វគ្រប់បែបយ៉ាង ដើម្បីបញ្ចូនស្ត្រីរងគ្រោះមកដល់កម្ពុជាវិញ​។ ជាជោគជ័យ​ស្ត្រីរងគ្រោះ បានមកដល់កម្ពុជាវិញ នៅវេលាជិតម៉ោង១០យប់ ដោយសុវត្ថិភាពបំផុត ​ហើយនាងត្រូវបានក្រុមការងារឧកញ្ញ៉ា អូស្មាន ហាស្សាន់ នាំទៅសំរាក និង​រៀបចំបញ្ចូនទៅស្រុកកំណើតវិញ នាពេលឆាប់ៗខាងមុខនេះ​។​

គួរបញ្ចាក់ថា ស្ត្រីរងគ្រោះនេះ​ទៅធ្វើការតាមរយៈក្រុមហ៊ុននៅប្រទេសវៀតណាម តាមរយៈមេខ្យល់ប្ដីប្រពន្ធមួយគូរ ដូច្នេះនេះជាការ​ទៅធ្វើការដោយខុសច្បាប់​។ យ៉ាងនេះក្ដី ស្រ្តីរងគ្រោះមិនបានបង្ហាញអារម្មណ៍ចង់ប្ដឹង ផ្ដល់អ្នកណានោះទេ ហើយ​ថ្លែងអំណរគុណដល់ឧកញ្ញ៉ា អូស្មាន ហាស្សាន់ និង​សហការីទាំងអស់ ដែលបានខ្នះខ្នែងជួយនាងឲ្យបានមកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព​។

ស្ដ្រីរងគ្រោះផ្ដាំផ្ញើ​ដល់ពលរដ្ឋទាំងអស់ បើចង់ធ្វើការនៅបរទេស សូមទៅតាមរយៈក្រុមហ៊ុនស្របច្បាប់ និង​មានលក្ខខណ្ឌ​ការងារល្អ ខ្លាចជួបវាសនាមិនល្អដូចជានាង​។ គួររំលឹកថា នេះជាលើកទី៣ហើយ ដែលឧកញ្ញ៉ា អូស្មាន ហាស្សាន់ បានជួយសង្រ្គោះនារីរងគ្រោះនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត វិលមកកម្ពុជាវិញដោយសុវត្ថិភាព៕