(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែមីនានេះ បានបញ្ជាក់ថា រយៈពេលមួយឆ្នាំមកនេះ នៃកម្លាំងនគរបាលជាតិមានការថយចុះប្រម៉ាណ ២,០០០នាក់ ក្នុងនោះរាប់ទាំងអ្នកចូលនិវត្តន៍ និងអ្នកដែលបាត់បង់សមត្ថភាព ក្នុងនោះដែរក្រសួងមហាផ្ទៃ ក៏ត្រូវការរើសបំពេញមកវិញផងដែរ ដើម្បីផ្តល់ឪកាសឲ្យក្រុមយុវជនបន្តវេន។

ការលើកឡើងនេះដែរ របស់នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក្នុងឱកាសដែលលោកអញ្ជើញជា តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្កិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសសើរ ជូននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

ក្នុងពិធីនោះមន្ត្រីដែលត្រូវទទួលប្រកាសតែងតាំង និងដំឡើងឋានន្តរស័ក្កិថ្នាក់ឧត្តមសេនីយ៍ត្រី ១២រូប, វរសេនីយ៍ឯក១១រូប, វរសេនីយ៍ទោ ៩រូប, វរសេនីត្រី ១៩រូប និងអនុសេនីយ៍ឯក៧រូប ។

នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា ត្រូវយកតួនាទីនាថ្ងៃនេះ ទៅបម្រើពលរដ្ឋ បម្រើជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល។ ចំពោះបញ្ហាដំឡើងឋានន្តរស័ក្កិ គឺធ្វើឡើងទៅតាមមុខតំណែង និងមុខងារ ដូច្នេះមិនអាចចេះតែដំឡើងទៅតាមចិត្តបានទេ ជាក់ស្ដែងតាមស្នងការរាជធានី-ខេត្ត មន្ត្រីដែលត្រូវចូលនិវត្តន៍ បើមានឋានន្តរស័ក្កិ វរសេនីយ៍ទោ អាយុដែលត្រូវចូលនិវត្តន៍ គឺអាយុ៥៥ឆ្នាំ ថ្នាក់វរសេនីយ៍ឯក អាយុ៦០ឆ្នាំ។

លោក សរ ពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានថ្លែងថា មន្ត្រីនគរបាលដែលបានបំពាក់ជូនឋានន្តរស័ក្កិ ត្រូវប្រើតំណែងទាំងនេះ ទៅបម្រើប្រជាពលរដ្ឋ មិនត្រូវយកបុណ្យស័ក្កិនេះ ទៅធ្វើទុក្ខបុកម្នេញចំពោះប្រជាពលរដ្ឋ ដែលថ្មីៗកន្លងទៅនេះ មន្ត្រីនគរបាលផ្នែកពន្លត់អគ្គិភ័យ បានធ្វើឲ្យពលរដ្ឋមានការកោតសរសើរ ក្នុងករណីភ្លើងឆេះផ្សារត្រពាំងអំពិល ដែលក្នុងនាមជាកងកម្លាំងត្រូវតែការពារ សន្តិភាព សេរីភាព និងការអភិវឌ្ឍប្រទេសជាតិ ក្នុងបុព្វហេតុរួមទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានលើកឡើងថា មន្ត្រីនគរបាលទាំងអស់ដែលបានរដ្ឋាភិបាលផ្តល់នៅឋានន្តរស័ក្កិ មុខងារ គឺសុទ្ធតែបានចូលរួមបម្រើប្រជាពលរដ្ឋ បម្រើជាតិ និងធ្វើឲ្យភូមិ-ឃុំ មានសុវត្តិភាព ដែលជាស្នាដៃទាំងនេះ ត្រូវបានផ្តល់ជូនមកវិញនៅមុខងារ មុខតំណែងឲ្យស័ក្តិសម ទៅស្នាដៃបម្រើជាតិរបស់ពួកគាត់។

លោកបានបញ្ជាក់ដែរថា ដោយសារតែស្នាដៃខាងលើនេះហើយ ទើបក្នុងភូមិសាស្ត្រ នៃខេត្តកំពង់ស្ពឺទាំងមូល បទល្មើសត្រូវបានថយចុះជារៀងរាល់ឆ្នាំ គួរឲ្យកក់សម្គាល់ផងដែរ៕