(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនចំនួន០៦ ដោយនាំយកឱកាសការងារប្រមាណ៦១៥កន្លែង ក្នុងវេទិកាការងារ ក្នុងនោះមានក្រុមហ៊ុន EFG Group, ណាហ្គាវើល, ស៊ីងហាក់ហួត, Chork Chey Finance, GFG និងក្រុមហ៊ុន DDD ។វេទិកានេះចាប់ផ្តើមឡើងចាប់ពីម៉ោង៨:០០ ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក តូ ហូ មន្ត្រីជ្រើសរើសបុគ្គលិក ក្រុមហ៊ុន GFC Group បានឲ្យដឹងថា កន្លងមកក្រុមហ៊ុនតែងតែសហការជាមួយនិង NEA ក្នុងព្រឹត្តិការណ៍ផ្សេងៗក្នុងនោះមានសម្ភាសការងារប្រចាំខែ ការចូលរួមពិព័រណ៌ការងារប្រចាំឆ្នាំជាដើម។ លោកបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកមានបុគ្គលិកសរុប១,២០០នាក់ ក្នុងនោះមានបុគ្គលិកប្រមាណ២០០នាក់ ទទួលបានការងារធ្វើ តាមរយៈការសហការជាមួយNEAកន្លងមក។

លោក ហូ បានបញ្ជាក់បន្ថែមថា មូលហេតុដែលក្រុមហ៊ុនសហការជាមួយ NEA ដោយសារតែ NEA មានបណ្តាញច្រើនហើយជាស្ថាប័នរដ្ឋ លើសពីនេះទៀត គឺជាឱកាស ដែលក្រុមហ៊ុនបានផ្សព្វផ្សាយ ពីឈ្មោះរបស់ក្រុមហ៊ុនឲ្យគេបានស្គាល់ កាន់តែច្រើនឡើងបន្ថែមទៀត។ លោកក៏បានថ្លែងអំណរគុណចំពោះ NEA ដែលបានផ្តល់ភាពងាយស្រួល ដល់ក្រុមហ៊ុនក្នុងការសម្របសម្រួល និងផ្តល់ទីតាំងដល់ក្រុមហ៊ុនផ្សេងៗក្នុងការរៀបចំវេទិកាការងារជារៀងរាល់ខែ។

លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា កិច្ចសម្ភាសការងារនេះ បានរួមចំណែកជួយដល់និយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ឲ្យបានជួបអ្នកដែលកំពុងស្វែងរកការងារធ្វើផ្ទាល់តែម្តង។ កម្មវិធីនេះបានផ្ដល់ឱកាសដល់សាធារណៈជន ក៏ដូចជាដល់យុវជន ដែលចង់ស្វែងការងារធ្វើ តាមរយៈស្ថាប័នរដ្ឋ ដោយមិនពិបាកដើរស្វែងរកការងារ ឬចំណាយពេលធ្វើដំណើរទៅដាក់CVs នៅតាមបណ្តាក្រុមហ៊ុននោះទេ ចំពោះអ្នកដែលមានការងារធ្វើហើយ តែចង់ផ្លាស់ប្ដូរការងារ ក៏អាចចូលរួមបានផងដែរ។

«កិច្ចសម្ភាសការងារ» គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ពិសេសយុវជនដែលចង់ស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានការងារកាន់តែងាយស្រួល មិនចំណាយពេលវេលាច្រើន និងនៅមួយកន្លែងទៀត។ កិច្ចសម្ភាសការងារនេះ បានរួមចំណែកជួយពន្លឿនដំណើរការជ្រើសរើសបុគ្គលិក ដល់និយោជកឲ្យបានជួប និងសម្ភាសផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។

លោក តូ ហូ បានឲ្យដឹងថា សម្រាប់បេក្ខជនដែលមានបំណង ចង់ទទួលបានការងារជាមួយក្រុមហ៊ុនរបស់លោក ត្រូវរៀបចំខ្លួនឲ្យបានល្អ រៀប ចំប្រវត្តិរូបឲ្យបានស្អាត(CV) គោរពពេលវេលា អាចធ្វើការងារចុងសប្តាហ៍បាន អាចប្រើប្រាស់ភាសាអង់គ្លេសដើម្បីទំនាក់ទំនងបន្តិចបន្តួចបាន។ លោកឲ្យដឹងទៀតថា វេទិកាថ្ងៃទី២៩នេះ គឺសម្ភាសភ្លាមនឹងដឹងលទ្ធផលជាប់ ឬធ្លាក់ភ្លាមតែម្តង។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕