(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងអនុវត្តកញ្ចក់ស្ដង់ដាបណ្ដុះបណ្ដាលជំនាញផ្សាអគ្គិសនី (កម្រិត១-៤) ការបន្ស៊ីលោហៈ ការផលិតនំ និងការកែច្នៃបន្លែ-ផ្លែឈើ (កម្រិត១-២) ប៉ុន្តែមុននឹងដាក់ឲ្យអនុវត្តកញ្ចប់ស្ដង់ដានេះ ក្រសួងការងារបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាមួយភាគីជាតិ-អន្តរជាតិពាក់ព័ន្ធ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ។

ក្នុងសិក្ខាសាលាខាងលើ លោករដ្ឋលេខាធិការ ពេជ សោភ័ន បានថ្លែងថា កម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចគិតជាមធ្យម ៧% ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ ដើម្បីប្រែក្លាយប្រទេសកម្ពុជា ដែលមានប្រាក់ចំនូលមធ្យម នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបានគោលដៅទាំងនោះ កម្ពុជាត្រូវប្រែក្លាយកម្លាំងអតិពលកម្មសព្វថ្ងៃ ដែលមានរហូតដល់ជាង៧-៨លាននាក់នេះ ទៅជាប្រើជំនាញវិជ្ជាជីវៈ តាមរយៈការបណ្ដុះបណ្ដាលពួកគាត់ ដែលនេះជាភារកិច្ចចម្បងមួយរបស់ក្រសួងការងារ។

ដូច្នេះសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការដាក់ឲ្យអនុវត្តកញ្ចក់ស្ដង់ដាបណ្ដុះបណ្ដាលជំនាញផ្សាអគ្គិសនី ការបន្ស៊ីលោហៈ ការផលិតនំ និងការកែច្នៃបន្លែ-ផ្លែឈើ នាថ្ងៃនេះ ជាលើកកម្ពស់សមត្ថភាពរបស់អ្នកទាំងឡាយណា ដែលកំពុង និងចង់ប្រកបមុខរបរផ្សាអគ្គិសនី ការបន្ស៊ីលោហៈ ការផលិតនំ និងកែច្នៃបន្លែ-ផ្លែឈើ ព្រោះកាលណាជំនាញរបស់ពួកគាត់មានស្ដង់ដា ពួកគាត់នឹងអាចរកចំណូលបានកាន់តែច្រើន ផលិតភាពកាន់តែខ្ពស់ នោះកម្ពុជានឹងកាន់តែរីកចម្រើនជាមួយគ្នាផងដែរ។

លោក ពេជ សោភ័ន បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានគោលដៅខាងលើ និងគោលដៅអភិវឌ្ឍន៍ដទៃទៀត ចាំបាច់បំផុតកម្ពុជាត្រូវតែមានសន្តិភាព ស្ថិរភាព ប្រជាពលរដ្ឋគ្រប់គ្នាត្រូវថែរក្សាអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន បន្តពង្រឹង និងពង្រីកបន្ថែមទៀត។

ការអនុវត្តកញ្ចប់ស្ដង់ដានេះ ក៏មានការចូលរួមឧបត្ថម្ភគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO) ផងដែរ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ គម្រោងនេះពិតជាមានសារសំខាន់ណាស់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍជំនាញដែលជាតម្រូវការនៃទីផ្សារការងារ ក៏ដូចជារួមចំណែកការកាត់បន្ថយភាពគ្មានការងារធ្វើ ជាពិសេសក្នុងចំណោមយុវជន។

លោក ពេជ សោភ័ន បានបញ្ជាក់ថា ការអភិវឌ្ឍជំនាញតាមរយៈការដាក់ឱ្យដំណើរការសាកល្បងកញ្ចប់ស្តង់ដាបណ្តុះបណ្តាលលើមុខរបរទាំង៤ខាងលើនេះ គឺពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹង៖

១៖ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥ ដែលមានចក្ខុវិស័យផ្តោតលើការតម្កើនជីវភាព ភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រកបដោយសមធម៌។

២៖ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ តាមរយៈការតភ្ជាប់ទៅនឹងខ្សែសង្វាក់តម្លៃសកល សមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ ដោយផ្តោតលើពិពិធកម្មឧស្សាហកម្មកម្មន្តសាល និងកសិកម្មជាជំហានដំបូង និងជំរុញឯកទេសកម្មដែលផ្អែកលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តក្នុងដំណាក់កាលបន្ទាប់។

៣៖ គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេ និងវិជ្ជាជីវៈ ២០១៧-២០២៥ ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបទការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត៕