(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ​បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាទឹកពិភពលោក លើកទី២៥ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ថែទាំធម្មជាតិដើម្បីទឹក» នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។

​ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលនានាដែលស្ថាបនារួចក្នុងឆ្នាំ២០១៧ រួមមានដូចជា ស្ពានបេតុង ផ្លូវក្រាលគ្រួសក្រហម លូមូលកាត់ទទឹងផ្លូវ អណ្តូងស្នប់ និងប្រព័ន្ធចែកចាយទឹកស្អាត ស្ថិតនៅក្នុងឃុំអូម្រេះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ពិធីនេះ​ត្រូវបានរៀបចំឡើងនៅក្នុង ភូមិត្បូងខ្លា ឃុំអូម្រេះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលស្រុកសៀមបូក មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង​៥០០នាក់៕