(ពោធិ៍សាត់)៖ លោក​ កែវ​ រតន:​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះជួយស្រុក​ក្រគរ​ និងស្រុក​កណ្ដៀង ​បាន​អញ្ជើញសាកសួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ​ឥស្លាចំនួន​១០០០នាក់​ ​នៅភូមិកណ្ដាល​ ឃុំកញ្ជរ​ ស្រុក​កណ្ដៀង​ ខេត្ត​ពោធិ៍សាត់​ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

ក្នុង​ឱកាសនោះ លោក កែវ រតនៈ ក៏បាន​នាំ​នូវ​អំណោយ​ជួយ​ដល់​វិហារ​ចំនួន​១១​ ក្នុង​វិហារ​នីមួយៗ​ ទទួល​បាន​ថវិកា​ ចំនួន​១​លានរៀល​, បងប្អូន​ប្រជាពលរដ្ឋ​​១ម៉ឺន​រៀល​ និង​សម្ភារៈ​ផ្សេងៗ។​

ជាមួយគ្នានោះ ​លោក​ រ៉ូហ្វី​ អូស្មាន​ សមាជិកគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ក៏បាន​ឧបត្ថម្ភទៅ​ដល់​វិហារ​ឥស្លាម​ចំនួន​៤​ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់ រួមមាន វិហារ​ភូមិ​ទួលទទឹង​ទទួល​បាន​នូវ​ស៊ី​ម៉ុង​ចំនួន​ ៥​តោន, វិហារ​សំរោងអណ្ដែត​ទទួល​បាន​នូវ​ស៊ី​ម៉ុង​ចំនួន​ ៥តោន, វិហារ​ទួលស្វាយទទួល​បាន​នូវ​ស៊ី​ម៉ុង​ចំនួន​ ៦តោន និងវិហារភូមិរលាំង ទទួលបាន​នូវ​ឥដ្ឋ​ការ៉ូ​ចំនួន​ ១៩៥​​កេស៕