(បន្ទាយមានជ័យ)៖​ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍​គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ​ដឹកនាំ​សន្និបាតគណៈកម្មាធិការគណបក្សខេត្ត។

ក្នុងនោះ ក៏មានការ​ចូលរួមពីសមាជិក-សមាជិកា​ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំមូលដ្ឋាន គ្រប់លំដាប់ថ្នាក់មកពីសាខាបក្សមន្ទីរ​ អង្គភាព​ សាខាគណបក្សក្រុង​-ស្រុក ឃុំ-សង្កាត់​ សរុបចំនួន៦១៦នាក់។

ក្នុងឱកាសនោះ​ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងធ្វើការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាដែល​មាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, សម្ដេច ហេង សំរិន ប្រធានកិត្តិយស, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងសម្ដេច​ក្រឡាហោម ស ខេង អនុប្រធានគណបក្ស​។

លោក​ កែ​ គឹមយ៉ាន​ បានថ្លែងសាទរនូវសមិទ្ធផលទាំងអស់ដែលកើតចេញពីការខិតខំ​ លះបង់​ និងពលិកម្មគ្រប់បែបយ៉ាងរបស់សមាជិក​ សមាជិកា​គណបក្ស​ដោយឈរលើស្មារតីឯកភាព​ ដើរតាមគន្លងគោលនយោបាយ​រាជរដ្ឋាភិបាល​ និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន​ សែន​ ជាប្រមុខដឹកនាំ​​។​

លោក​បន្តថា​ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានមុះមុត និងចូលរួមថែរក្សាសន្តិភាព ព្រោះសន្តិសុខនាំមកនូវការអភិវឌ្ឍ​ សហការល្អ ជាមួយប្រជាពលរដ្ឋដើម្បីទប់ស្កាត់ភាពអសន្តិសុខក្នុងសង្គម​នានា មានបញ្ហាគ្រឿងញៀន​ ចរាចរ​ណ៍​ អគ្គីភ័យជាដើម​ ជាពិសេសត្រូវបន្តខិតខំ បម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ ដោយមិនមានការរើសអើង ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងការងារផ្សេងៗ ដែលទាក់ទង់ទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋ​ ឲ្យបានកាន់តែប្រសើរថែមទៀត​​។​

ឧបនាយករដ្ឋមន្ដ្រី កែ​ គឹមយ៉ាន​ បាននាំយកនូវអំណោយ​ និងថវិកា ចំនួន​១០២នាក់ ក្នុងនោះ​ ប្រធានគណបក្សឃុំ មេឃុំចៅសង្កាត់ ចំនួន៨៤នាក ​​ក្នុងម្នាក់ៗ ទទួលបានថវិកា២ម៉ឺនរៀល និងក្រុមការងារ យុវជនគណបក្សស្រុកចំនួន១៨នាក់​ ក្នុងម្នាក់ៗ២ម៉ឺនរៀល និងសមាជិក​ សមាជិកា​ ទាំងអស់ពិសារអាហារសាមគ្គី ក្នុងបរិយាកាសកក់ក្តៅ​ ស្និទស្នាល​ និងសប្បាយរីករាយក្រៃលែង៕