(ភ្នំពេញ)​៖ លោក​រស់​ ពិសិដ្ឋ​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៨ នេះ​ បានប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ជនជាប់ចោទ​៣នាក់ ​ជា​ម្តាយ​កូន​នឹង​គ្នា ​ដាក់​ពន្ធនាគារ​៨ខែ​ ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ លើ​ទ្រព្យសម្បត្ដិរបស់លោក​ស្រី​ អ៊ុក​ ដារ៉ា​ ។ ជនជាប់ចោទ​ទាំង​នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ម្តង​រួច​មក​ហើយ​ ពី​បទ​ជេរ​ប្រមាថ​លើ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ត្រូវបានតុលាការ បង្គាប់ឲ្យសងសំណងជំងឺចិត្ដ ចំនួន២០លានរៀល ​។

លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ជំនុំជម្រះ​ បាន​ផ្តន្ទា​ទោស​ជនជាប់ចោទ​ឈ្មោះ​ ហំ​ សម្ផស្ស​ និង​ឈ្មោះ​ កែវ​ វណ្ណា​ ដាក់​ពន្ធនាគារ​៨ខែ​ ហើយផ្តន្ទា​ទោស​ឈ្មោះ​ សំ​ គឹម​ថា​ ដាក់​ពន្ធនាគារ​៨ខែ​ដូច​គ្នា​ តែ​ទោស​នេះ​ត្រូវ​ព្យួរ​ ។ តុលាការ​ក៏​បាន​បង្គាប់​ឱ្យ​ជនជាប់ចោទ​ទាំង​៣នាក់​ សងសំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្តឹង ​ចំនួន​៣៦លានរៀលផងដែរ។​

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទឈ្មោះ ហំ សម្ផស្ស និងគ្រួសារ ដែលបានវាយបំបែកជញ្ជាំង បាំងសង្ក័សីព្រំដី ចូលមកបំពានលើកម្មសិទ្ធិស្របច្បាប់ និងមកកាត់កាម៉ារ៉ាក្នុងផ្ទះ របស់លោកស្រី អ៊ុក ដារ៉ា ដែលស្ថិតនៅតាមផ្លូវលេខ៥៥៨ ក្រុម៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កើតឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០១៧មកម្ល៉េះ ដែលបានបន្ដអូសបន្លាយរហូតមកដល់ពេលនេះ ដែលលោកស្រី អ៊ុក ដារ៉ា បានចោទទៅភាគីគ្រួសារ ហំ សម្ផស្ស ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងជេរប្រមាថ ។

បើតាមការបញ្ជាក់របស់ លោក​ អេង​ សុធា​ ជាមេធាវីតំណាងឲ្យលោកស្រី​ អ៊ុក​ ដារ៉ា បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅថ្ងៃនេះថា លោកស្រី អ៊ុក ដារ៉ា ត្រូវបានគ្រួសារឈ្មោះ ហំ សម្ផស្ស ជេរប្រមាថ តាមបណ្ដាញសង្គម Facebook យ៉ាងសាហាវបំផុតជាច្រើនលើក ច្រើនសារ ដែលនេះ ជាអំពើខុសច្បាប់ទាំងស្រុង តែទោះជាយ៉ាងណាក៏ដោយ លោកស្រី មិនដែលតបតរនោះទេ ដោយយកប្រព័ន្ធច្បាប់ មកវិនិច្ឆ័យ រកយុត្ដិធម៌ ដល់លោកស្រី ដែលជាភាគីជនរងគ្រោះ តែប៉ុណ្ណោះ ។ដូចនេះ តុលាការ ​ប្រកាសផ្តន្ទា​ទោស​ជនជាប់ចោទទាំង៣នាក់នេះ ហាក់បង្ហាញឲ្យឃើញថា អាជ្ញាធរ ឬតុលាការ បានផ្ដល់ភាពយុត្ដិធម៌ ជូនលោកស្រី អ៊ុក ដារ៉ាពិតប្រាកដមែន ។

សូមបញ្ជាក់ថា កាលពីចុងខែមីនា ឆ្នាំ២០១៧ Account Facebook ឈ្មោះ Samphors zuzu ដែលត្រូវបានគេស្គាល់ថា ជារបស់ឈ្មោះ ហំ សម្ផស្ស ដែលបានបង្ហោះវីដេអូចោទប្រកាន់ជេរប្រមាថ ទៅលើលោកស្រី អ៊ុក ដារ៉ា ពាក់ព័ន្ធការជួសជុលផ្ទះ ដោយចោទថា លោកស្រី បានប្រើប្រាស់អំណាច គាបសង្កត់លើប្រជាពលរដ្ឋ​ ប៉ុន្ដែលោកស្រីបានបដិសេធចោលទាំងស្រុង និងចាត់ទុកថា គឺជាមួលបង្កាច់ខុសពីការពិត ខណៈដែលលោកស្រី មុននឹងធ្វើអ្វីមួយតែងតែគោរពទៅតាមផ្លូវច្បាប់ និងការទទួលស្គាល់ពីអាជ្ញាធរ ព្រមទាំងមន្ដ្រីជំនាញត្រឹមត្រូវ លើការជួសជុលផ្ទះរបស់ខ្លួន និងពុំបានរំលោភបំពានទៅលើផ្ទះរបស់ភាគីណាមួយ ដោយយកឋានៈបុណ្យសិក្ដ័របស់ខ្លួន ក្រៅពីប្រើតែសិទ្ធិ ទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ ៕