(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានរំឭកថា អតីតមេបក្សប្រឆាំង ដែលជ្រកកោននៅក្រៅប្រទេសតែងតែធ្វើសកម្មភាពញ៉ុះញ៉ុងប្រជាពលរដ្ឋ រហូតមកដល់ពេលនេះ មានការបែកធ្លាយឯកសារសម្ងាត់តាមរយៈវីដេអូឃ្លីបរបស់ទណ្ឌិត សម រង្ស៊ី លួចទៅចុះកិច្ចព្រមព្រៀមជាមួយលោក Kok Ksor (កុក សរ) មេដឹកនាំវៀតណាម ជនជាតិភាគតិច Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) ដោយយល់ព្រមកាត់ខេត្តចំនួន៤ ទៅឲ្យភាគីវៀតណាម ពេលបក្សខ្លួន «គណបក្សសង្គ្រោះជាតិ» ឈ្នះឆ្នោតនោះ បានធ្វើឲ្យគ្រប់មជ្ឈដ្ឋានទូទៅបញ្ចេញប្រតិកម្មខ្លាំងៗ និងចេញញត្តិថ្កោលទោសចំពោះទង្វើក្បត់ជាតិសាសន៍ខ្លួនឯងរបស់ទណ្ឌិត សម រង្ស៊ី ដោយមិនអាចទទួលយកបាននោះទេ។

លោក ជា ពីសី រំឭកបន្តថា លើសពីនេះ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋ មិនអាចនៅសុខបានឡើយ ដែលទណ្ឌិត សម រង្ស៊ី សន្យាកាត់ខេត្តចំនួន៤ (មណ្ឌលគិរី, រតនគិរី, ក្រចេះ និងស្ទឹងត្រែង) ទៅឲ្យមេដឹកនាំវៀតណាមសេរី ទើបមានការប្រកាសថ្កោលទោសខ្លាំងៗបំផុត ចំពោះទង្វើក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងដូច្នេះ ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

ការថ្លែងយ៉ាងដូច្នេះរបស់អភិបាលខណ្ឌឬស្សីកែវ ជា ពិសី បានធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅសាលាសង្កាត់ទួលសង្កែទី២ ក្នុងខណ្ឌឬស្សីកេវ ពេលដែលលោកដឹកនាំមន្ត្រីរាជការពាក់ព័ន្ធនាំយកគ្រឿងឧបភោគបរិភោគ ទៅចែកជូនប្រជាពលរដ្ឋចាស់ជរាក្រីក្រងាយរងគ្រោះ ចំនួន៣០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ (៦ដប) ទឹកស៊ីអ៊ីវ១យួរ (៦ដប) ឃីត១កញ្ចប់ (មានទឹលដោះគោ១កំប៉ុង ទឹកក្រូច៤កំប៉ុង ស្ករស១កញ្ចប់ អំបិល១កញ្ចប់) និងថវិកាចំនួន៤ម៉ឺនរៀលស្មើៗគ្នា ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលដោះស្រាយបញ្ហាខ្វះខាតផ្សេងៗបានមួយចំនួន។

លោក ជា ពិសី បានថ្លែងបញ្ចាក់ថា សម្រាប់គ្រឿងឧបភោគ បរិភោគ និងថវិកា ដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ បានពាំនាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនាពេលនេះ ពិតណាស់ជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយាដ៍ឧត្តុងឧត្តមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកទាំង២ តែងតែផ្ដាំផ្ញើសាកសួរសុខទុក្ខជានិច្ចជាកាល ចំពោះប្រជាពលរដ្ឋ ដោយពុំបានគិតពីនិន្នាការនយោបាយ ពណ៌សម្បុរ ឬពូជសាសអ្វីឡើយ ឲ្យតែជាពលរដ្ឋរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងគ្មានចង់បានអ្វី ក្រៅពីជួយផ្ដល់ភាពយុត្តិធម៌ ដោយទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅពេលខាងមុខនេះ គឺបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា»។

លោក ជា ពិសី បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បងប្អូនអ្នកធាក់ស៊ីក្លូ ក៏ជាកម្មករក្រៅប្រព័ន្ឋដែរ ជាពិសេសត្រូវបានកិច្ចគាំពារសុខុមាលភាព ក្នុងការទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យរដ្ឋ ហើយបើរាប់គិតចាប់ពីថ្ងៃដែលប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ប្រកាសបង្កើតមូលនិធិទ្រទ្រង់អភិរក្សស៊ីក្លូ រហូតមកដល់ពេលនេះ មានអ្នកធាក់ស៊ីក្លូរាប់រយនាក់ហើយ បានទទួលប័ណ្ណ និងប្រាក់ឧបត្ថម្ភពីមូលនិធិទ្រទ្រង់ និងអភិរក្សស៊ីក្លូ នឹងអាចមានការកើនឡើងបន្ថែមទៀតនៅពេលខាងមុខ ដោយប្រាក់ឧបត្ថម្ភសម្រាប់អ្នកធាក់ស៊ីក្លូនេះ មានបើក៣ដងក្នុងមួយខែកំណត់ថ្ងៃទី១០ ទី២០ និងថ្ងៃទី៣០ គ្រប់ខែទាំងអស់។

លោក ជា ពិសី បានថ្លែងទៀតថា ប្រាក់ដែលអ្នកធាក់ស៊ីក្លូនិងទទួលបានមួយថ្ងៃគឺ៧ពាន់រៀល ដោយគិតលុយថ្លៃបាយ៥ពាន់រៀល និង២ពាន់រៀលថ្លៃជួលស៊ីក្លូ ព្រមទាំងប្រាក់ឧបត្ថម្ភពីមូលនិធិ គឺត្រូវបានដាក់បញ្ចូលក្នុងគណនីវីង ជាពិសេសក្រៅពីទទួលបានប្រាបក់ឧបត្ថម្ភពីសមាគមមូលនិធិទ្រទ្រង់អភិរក្សស៊ីក្លូសម្ដេចតេជោ ហ៊ុន សែន កំពុងរៀបចំឯកសាររបស់អ្នកធាក់ស៊ីក្លូទាំងអស់ទៅក្រសួងការងារធ្វើកាត ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងទៀតផងដែរ៕