(ភ្នំពេញ​)៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ងួន ស្រីនិច ភេទស្រី​ អាយុ​២​១​ឆ្នាំ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបន្តនីតិវិធីជាក្រោយ ពាក់ព័ន្ធករណី បើក​រថយន្ត​ព្រុស​បុក​រ៉ឺម៉កកង់បី​ឥណ្ឌា​ ​បណ្តាលឱ្យស្ត្រីជាតារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់។

គួររំលឹកថា សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួននារីម្នាក់ ដែលបើក​រថយន្ត​ព្រុស​ បុក​រ៉ឺម៉កកង់បី​ឥណ្ឌា​ ​បណ្តាលឱ្យស្ត្រីជាតារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ចំណែកជនរងគ្រោះមានឈ្មោះ តាក់ ចន្នី ភេទស្រី អាយុ​៣​៨​ឆ្នាំ មុខរបរ​ អ្នកចម្រៀង​ចង្វាក់រ៉ុក នៅ​ហាង​បារាំង ស្នាក់​នៅ​ម្ដុំ​ផ្សារទួលទំពូង ខណ្ឌចំការមន និងមានជនរងគ្រោះម្នាក់ទៀត ជាជនជាតិបរទេស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

គួររំលឹកថា ​កាល​ពីវេលាម៉ោង០​១៖៤០​នាទី​ទាបភ្លឺថ្ងៃទី២០ ខែមីនា ឆ្នាំ​២០១៨​ មានហេតុការណ៍​មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើត​​ឡើ​​ង រវាងរថយន្តម៉ាក Toyota Prius មួយគ្រឿង គ្មានស្លា​ក​លេ​​ខ និងរ៉ឺម៉កកង់​៣​ឥ​ណ្ឌា​ នៅ​ចំណុច​ស្តុប​ទន្លេ​បាសាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកាមន​ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់៕