(ភ្នំពេញ)៖ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋតិចតួចណាស់ ដែលបានយល់ដឹងច្បាស់ពីព័ត៌មាននៃការបង់ពន្ធអចលនទ្រព្យ ដែលជាហេតុនាំឲ្យពួកគាត់ប្រឈមមុខ នឹងការបង់ពន្ធអស់ទឹកប្រាក់ច្រើន ព្រមទាំងទទួលការផាកពិន័យ។

ជាមួយគ្នានេះដើម្បីបញ្ច្រៀសនូវរាល់បញ្ហាអស់ទាំងនេះ លោកបណ្ឌិត គីម ហ៊ាង បានស្នើទៅដល់ពលរដ្ឋទាំងអស់គ្នា គួរតែចំណាយពេលវេលា ក្នុងការចូលសិក្ខាសាលានានា ឬក៏សាកសួរព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងនិតីវិធី នៃការបង់ពន្ធអចលនទ្រព្យ។

ការលើកឡើងរបស់លោក បណ្ឌិត គីម ហ៊ាង ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងវេទិកា «ការកាន់កាប់អចលវត្ថុនៅកម្ពុជាស្របច្បាប់» នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

លោកបណ្ឌិត គីម ហ៊ាង ឲ្យដឹងថា «ប្រជាពលរដ្ឋ​ទាំងអស់គួរតែស្វែងយល់លម្អិត អំពីព័ត៌មាននៃការបង់ពន្ធនេះ ហើយកន្លែងដែលពលរដ្ឋទាំងអស់គួរសួរ និងទទួលបានចម្លើយត្រឹមត្រូវជាងគេ គឺអគ្គ​នាយកដ្ឋានពន្ធដារ។ បច្ចុប្បន្ននេះព័ត៌មានអ្វីក៏ត្រូវ បានផ្សព្វផ្សាយទូលំទូលាយដែរ តែអ្វីដែលជាបញ្ហាប្រឈមនោះ គឺមានប្រជាពលរដ្ឋមួយចំនួនមិនទាន់ចេះប្រើប្រាស់អ៊ិនធឺណេត ក្នុងការឆែកមើលព័ត៌មានផ្សេងៗឡើយ នេះមិនមែនជាបញ្ហាធំទេ ព្រោះថាក្រៅពីការមើលព័ត៌មានតាមរយៈ Smart Phone ពលរដ្ឋក៏អាចទំនាក់ទំនង ទៅខាងសមាគមអ្នកវាយតម្លៃអចលនវត្ថុ ដើម្បីសួរនាំអំពីព័ត៌មានទាំងនេះ ហើយព័ត៌មានដែលខាងសមាគម​ទទួលបាន គឺសុទ្ធសឹងតែជាព័ត៌មាន ដែលបានមកពីអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងដែនដីជាដើម»។

លោក យ៉េត កុលកិត្យា មន្ត្រីអគ្គនាយកដ្ឋានពន្ធដារលើកឡើងក្នុងវេទិកានោះថា អចលនទ្រព្យដែលត្រូវជាប់ពន្ធ គឺអចលនទ្រព្យដែលមាន​តម្លៃលើសពី១០០លានរៀល ។ អចលនទ្រព្យដែលស្ថិតក្នុងភូមិសាស្រ្ដរដ្ឋបានរាជធានី និងខេត្ត​ នៃប្រទេសកម្ពុជា ដែលពន្ធនោះរួមមាន ដី, ផ្ទះ, អាគារ។

លោកបន្តថា អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធរួមមាន អចលនទ្រព្យ​នោះជាកម្មសិទ្ធិរបស់រដ្ឋ បេសកកម្មការទូត ឬអគ្គកុងស៊ុលបរទេស, អង្គការអន្ដរជាតិ, ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសបរទេស, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ, ដីកសិកម្ម, អចលនទ្រព្យរងគ្រោះ​ដោយករណីប្រធានស័ក្ដិ (គ្រោះធម្មជាតិ), អចលនទ្រព្យដែលកំពុងសាងសង់តិចជាង៨០ភាគរយ និងមិនទាន់បានប្រើប្រាស់។

លោកបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា «ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ចង់ដឹងថាតើផ្ទះដែលខ្លួនឯង កំពុងនៅរាល់ថ្ងៃនេះ បង់ពន្ធឬអត់ បើលក់ទៅមានការបង់ពន្ធទេ? ជម្រើសដ៏ល្អបំផុតនោះ គឺមានតែសួរ ទៅកាន់សមាគមអចលនទ្រព្យកម្ពុជា ព្រោះខាងសមាគមនឹងផ្ដល់ចម្លើយ ឬឯកសារពាក់ព័ន្ធ​ដោយឥតគិតថ្លៃ»