(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក​ ស្យុង ប៉ូ បានថ្លែងអះអាងថា ជំនួយរបស់ចិនសម្រាប់ប្រទេសកម្ពុជា គឺជាជំនួយដោយសុទ្ធចិត្ត ប្រកបដោយភាពស្និទ្ធស្នាល ភាពស្មោះត្រង់ និងមានលក្ខណៈបើកចំហ និងមានគោលដៅជួយប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍកាន់តែឆាប់រហ័ស កែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដោយឥតលក្ខខណ្ឌ និងមិនពាក់ព័ន្ធនយោបាយអ្វីទាំងអស់។

លោកឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជាសហអធិបតីជាមួយសម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។ ការសាងសង់ឡើងវិញនូវផ្លូវជាតិលេខ១១ ពីអ្នកលឿង ខេត្តព្រៃវែង ឆ្ពោះទៅកាន់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំប្រវែងជាង៩៦គីឡូម៉ែត្រ ត្រូវបានធ្វើឡើងក្រោមហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិន។

លោកឯកអគ្គរដ្ឋទូត បានថ្លែងថា តាមរយៈជំនួយឥតសំណង និងឥណទានសម្បទានរដ្ឋាភិបាល បានផ្តល់នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ដោយមិនរាប់ពីជំនួយ និងកម្ចីលើវិស័យផ្សេងៗនោះ ប្រទេសចិនបានផ្តល់ជំនួយរាប់ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍លើការសាងសង់ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធផ្លូវ ស្ពាន ថ្នល់នៅកម្ពុជា។ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន បានសាងសង់រួចមានចំនួន ២៣ខ្សែ មាប្រវែងសរុប ២,៣០១គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១,៣០០លានដុល្លារអាមេរិក។

គម្រោងកំពុងសាងសង់មានចំនួន ០៦ខ្សែ មានប្រវែងប្រមាណ៦០០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៤៩០លានដុល្លារអាមេរិក។ គម្រោងត្រៀមសាងសង់ក្នុងឆ្នាំ២០១៨នេះ មានចំនួន ០២គម្រោង គឺគម្រោងផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែងសុរប ១៨៧ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៤៨៣លានដុល្លារអាមេរិក ។

ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ០៧ស្ពាន មានប្រវែងសរុប ៦,៨២៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២១៦លានដុល្លារអាមេរិក និងស្ពានកំពុងសាងសងចំនួន០១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្នា ។ សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហ ប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួច កំពុងសាងសង់ និងត្រៀមសាងសង់ មានទឹកប្រាក់ប្រមាណ ២,៥៥៣លានដុល្លារអាមេរិក។

ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជំនួយរបស់ចិនមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ តែក៏ជាការរួមចំណែកជួយឲ្យកម្ពុជាពង្រឹងឯករាជ្យផ្នែកនយោបាយរបស់កម្ពុជាផងដែរ។

នៅព្រឹកមិញនេះលោក ស្យុង ប៉ូ បានលើកបង្ហាញពីភាពល្អប្រសើរនៃចំណងទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ។ លោកបានបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា ជាប្រទេសជិតខាងដែលមានចំណងមេត្រីភាពជាប្រពៃណីដ៏យូរលង់ណាស់មកហើយ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកបន្តថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលបច្ចុប្បន្នការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកជារៀងរាល់ថ្ងៃ។

លោកឯកអគ្គរដ្ឋទូត បានគូសរំលេចថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការជំរុញពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» វិនិយោគិនចិនកាន់តែច្រើនបានមកដល់ប្រទេសកម្ពុជា និងបានបណ្តាក់ទុនវិនិយោគកាន់តែច្រើនឡើងៗ ដោយបានចាក់បញ្ចូលកម្លាំងដ៏ខ្លាំងទៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា រដ្ឋាភិបាលចិនតែងតែណែនាំ និងតម្រូវឲ្យសហគ្រាសចិន ដែលបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាត្រូវតែគោរពច្បាប់ និងបទដ្ឋានរបស់ប្រទេសកម្ពុជា គោរពយ៉ាងពេញលេញចំពោះវប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជនខ្មែរ។

លោកឯកអគ្គរដ្ឋទូតបានមើលឃើញថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានសមិទ្ធផលសំខាន់ៗជាច្រើនបានលេចឡើង ជាពិសេសការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ។ សមិទ្ធផលទាំងអស់នេះ អាចទទួលបានដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពយ៉ាងពេញលេញ។

លោក ស្យុង ប៉ូ បានបង្ហាញការជឿជាក់ថា ការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនេះ នឹងធ្វើឲ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងភាពរីកចម្រើនកាន់តែប្រសើរបន្តទៅមុខទៀត៕