(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ លោក អោម ចាន់ថា អភិបាលរងខេត្ត លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតមន្ត្រីរាជការ ប្អូនសិស្សានុសិស្សសរុបប្រមាណជា២០០នាក់ បានចាប់គ្នាជាមួយភាគីថៃ គឺស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ ប្រទេសថៃ មានលោកអភិបាលខេត្ត និងអភិបាលស្រុកអារញ្ញាប្រាថេប មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជីវកចំនួន១០០នាក់ បាននាំគ្នាចុះទៅសំអាតបរិស្ថាន អនាម័យ ក្រោមស្ពានមិត្តភាពកម្ពុជា-ថៃ និងនៅតាមដងផ្លូវសាធារណៈមួយចំនួនផងដែរ។

លោក អោម ចាន់ថា អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា ថ្ងៃនេះជាលើកទី១ហើយ ដែលបានឃើញរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក សាន ស៊ានហូ ចាប់ដៃគ្នាយ៉ាងស្អិតរមួតជាមួយភាគីថៃ ស្រុករញ្ញប្រាថេប ចូលរួមសំអាតបរិស្ថាន ហើយកន្លងមកនេះមិនដែលឃើញការសំអាតបរិស្ថាន នៅក្រោមស្ពានមិត្តភាពកម្ពុជា ថៃដែរ នេះអាចហៅថាបើកទំព័រប្រវត្តិសាស្ត្រដ៏អស្ចារ្យ។

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ដើម្បីធានានូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈនេះ គឺចាំបាច់ ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង រាវឲ្យបានត្រឹមត្រូវ តាមរយៈវេចខ្ចប់ និងការញែកសំរាមតាមប្រភេទ។ នេះបើតាមក្រសួងបរិស្ថាន ដែលបន្តណែនាំដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមឲ្យកាន់តែសស្រាក់សស្រាំ ដើម្បីឲ្យមានអនាម័យបរិស្ថាន និងសំអាតកុំឲ្យមានសំរាមនៅផ្លូវសាធារណៈនានា ប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កាផងដែរ។

លោកអភិបាលក្រុងបញ្ជាក់ទៀតថា ការប្រមូលទុកដាក់សំរាម សំណល់រឹងឲ្យបានត្រឹមត្រូវនេះ ក៏ត្រូវធ្វើជាប្រចាំ នៅតាមស្ថាប័ន សាលារៀន វត្តអារាម និងមន្ទីរពេទ្យ រោងចក្រ សហគ្រាស សិប្បកម្ម និងនៅតាមបណ្តាលរមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាននានា ដើម្បីធានាបានផាសុកភាព និងភាពមនោរម្យក្នុងការផ្ដល់សេវាសម្រាក់ លំហែ របស់ភ្ញៀវទេសចរ។ ក្នុងនោះដែរ អាជ្ញាធរមូលដ្ឋានបានបំផុសឲ្យប្រជាពលរដ្ឋ ធ្វើអនាម័យបរិស្ថាននៅតាមលំនៅដ្ឋាន និងតាមទីកន្លែងកម្មសិទ្ធិរបស់ខ្លួន ដោយណែនាំពីការទុកដាក់សំរាម សំណល់រឹងឲ្យបានសមស្រប ដើម្បីធានាឲ្យបាននូវគុណភាពបរិស្ថាន សោភ័ណភាពនៅភូមិដ្ឋាន និងសុខភាពអនាម័យ៕