(ភ្នំពេញ)៖ ជនសង្ស័យមួយក្រុម បានបើករថយន្ត១គ្រឿង ចូលទៅលួចយកឥដ្ឋ និងស៊ីម៉ង់ត៌នៅក្នងវត្តភ្នៀតសម្ពលី ប៉ុន្តែពេលលួចបាន បើករថយន្តចេញមកវិញ ស្រាប់តែជាប់ផុងទៅមុខមិនរួច បន្ទាប់មកគេចខ្លួនបាត់អស់។ ខណៈនោះនគរបាលប៉ុស្តិ៍ស្នោរ បានឃាត់ខ្លួនបុរសម្នាក់ ដែលសង្ស័យថា ជាបក្សពួកចោររួច នាំយកទៅសាកសួរ ប៉ុន្តែជននេះបានបដិសេធថា មិនបានដឹងរឿងទេ ហើយនគរបាល ក៏បានរកឃើញថ្នាំញៀននៅជាប់ខ្លួន១កញ្ចប់ផងដែរ។

ហេតុការណ៍នោះ កើតឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅក្នុងវត្តភ្នៀតសម្ពលី ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនសែនជ័យ រាជធានីភ្នំពេញ។

នគរបាលបាននិយាយថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ ជួប ផល្លា អាយុ២៨ឆ្នាំ ទីលំនៅភូមិប្រយុទ្ធឃុំបាសែត ស្រុកប៉ាលហាល ខេត្តព្រះវិហារ។ គេមិនទាន់ដឹងថា ជននេះមានការពាក់ព័ន្ធទៅ និងបទល្មើសចោរកម្មខាងលើ ឬអត់នៅឡើយ។

ដោយឡែក ក្រុមចោរក៏មិនទាន់ដឹងថា មានគ្នាប៉ុន្មាននាក់នៅឡើយ រីឯរថយន្តដែលពួកចោរបើកយកទៅធ្វើសកម្មភាពនោះ ម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ចំណុះ២តោនពាក់ស្លាកលេខ ទ-0231ភព3 ។ ជនសង្ស័យបានបើករថយន្តនេះ ចូលទៅលួចឥដ្ឋពីការដ្ឋានសំណង់ចេតីយ៍នៅក្នុងវត្តខាងលើ ដែលតាមការសន្និដ្ឋាន ពេលចូលទៅមេឃមិនទាន់ភ្លៀងទេ។ លុះពេលពួកចោរលើកឥដ្ឋ និងស៊ីម៉ង់ត៌ដាក់ក្នុងរថយន្ត រួចមេឃបានចាប់ផ្ដើមធ្លាក់ភ្លៀង ហើយពេលបើកចេញប្រុងគេចខ្លួន ដោយសារផ្លូវទើបចាក់ដីថ្មី បណ្ដាលឲ្យជាប់ផុងទៅមុខលែងរួចទើបបែកការណ៍តែម្ដង។

ប្រភពដដែលបានបន្តទៀតថា នៅលើរថយន្តនោះមានឥដ្ឋប្រមាណ៧,០០០ដុំ និងស៊ីម៉ង់ត៍ជិត២តោន ក្រោយពីប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ជូន កម្លាំងនគរបាលប៉ុស្តិ៍ស្នោរ បានចុះទៅកាន់កន្លែងកើតហេតុ។ ពេលនោះបានឃាត់ខ្លួនបុរសម្នាក់ ដែលជនសង្ស័យថាជាបក្សពួកចោរ ប៉ុន្តែក្រោយសាកសួរជននេះបានបដុសេធរហូត ហើយនៅជាប់ខ្លួនជននេះមានថ្នាំញៀន១កញ្ចប់ ពេលនេះនគរបាលប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជុនជននេះទៅសួរនាំបន្ត នៅផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យហើយ៕