(សៀមរាប)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ស្ថាប័នអន្តរជាតិទាំងអស់ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ព្រោះបើគ្មានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាដៃគូ តាំងពីដើមមកទេ ប្រាសាទអង្គរមិនអាចគេចផុតពីភាពប្រឈមនឹងគ្រោះថ្នាក់បានឡើយ។

លោកស្រីរដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបពិភាក្សាជាមួយតំណាងស្ថាប័នអន្តរជាតិគ្រប់ការដ្ឋានទាំងអស់ ដែលកំពុងបំពេញការងារនៅក្នុងរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា គ.ស ២០១៨ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរជាមួយស្ថាប័នអន្តរជាតិទាំងនេះ។

គោលបំណងសំខាន់ នៃជំនួបពិភាក្សានាពេលនេះ គឺសំដៅជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានការជិតស្និទ្ធ តាមរយៈការស្វែងយល់នូវបញ្ហាប្រឈមនានា ដែលការដ្ឋានអន្តរជាតិជួបប្រទះក្នុងការអនុវត្តការងារគម្រោងនីមួយៗ និងចូលរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗ ក្នុងន័យជំរុញឲ្យដំណើរការអភិរក្ស ជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ ដំណើរការទៅដោយរលូន និងរក្សាបាននូវតម្លៃលេចធ្លោរជាសាកលនៃអង្គរ។

មានប្រសាសន៍ក្នុងជំនួបពិភាក្សានេះ លោកស្រីរដ្ឋមន្ត្រីបានថ្លែងរំឭកអំពីលទ្ធផលដ៏ល្អប្រសើរ ដែលសម្រេចបាននាពេលកន្លងមក និងសម្តែងការអរគុណដល់ស្ថាប័នអន្តរជាតិទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ព្រោះបើគ្មានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាដៃគូតាំងពីដើមមកទេ អង្គរមិនអាចគេចផុតពីភាពប្រឈមនឹងគ្រោះថ្នាក់បានឡើយ។

លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា បានបន្តថា ចាប់តាំងពីប្រាសាទអង្គរវត្ត បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២មក មានស្ថាប័នអន្តរជាតិជាច្រើនបានចូលរួមក្នុងការជួយស្រោចស្រង់អង្គរ ដែលមានទាំងគម្រោងអភិរក្ស ជួសជុលប្រាសាទ ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍សហគមន៍ជាដើម៕