(សៀមរាប)៖ បើតាមកាលវេលាជាក់ស្ដែង នៅចន្លោះពីថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០១៨នេះ គឺមានបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត (Equinox) កើតឡើងនៅចន្លោះរវាងពីម៉ោង៥-៧ព្រឹក។

ដោយឡែកនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ មានភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជាង ៧០០០ពាន់នាក់ បានទៅទស្សនាទិដ្ឋភាព នៃបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាង្គប្រាសាទអង្គរវត្ត នៅបរិវេណប្រាសាទអង្គរវត្ត ។

មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យបណ្ដាញព័ត៌មាន Fresh News ដឹងថា ក្នុងព្រឹកថ្ងៃទី២២ មីនា ២០១៨នេះ គឺមានភ្ញៀវជាតិ-អន្តរជាតិប្រមាណជា៧៥០០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ប្រមាណជា៣៥០០នាក់ បានទៅទស្សនាដោយផ្ទាល់ នៅឯបរិវេណនៃប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមថ្ងៃនេះ។

សូមជម្រាបជូនថា បាតុភូតដ៏អស្ចារ្យនេះ កើតឡើង២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១នៅខែមីនា និងលើកទី២ នៅខែកញ្ញា ដែលបាតុភូតនេះស្តែងឡើងពីអច្ឆរិយៈភាពនៃប្រាសាទអង្គរវត្ត ត្រូវបានបុព្វបុរសយើងកសាងដោយការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ យ៉ាងច្បាស់លាស់គួរឲ្យស្ញប់ស្ញែង។

សូមបញ្ជាក់ផងដែរថា តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ ក្រសួងរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) លើកទីបី ក្រោមប្រធានបទ «Selfie អង្គរអច្ឆរិយៈ» ដោយជ្រើសរើសរួបថតដែលមានអ្នកគាំទ្រច្រើនជាងគេពីលេខ១ ដល់លេខ៣ ដើម្បីទទួលលិខិតសរសើរចេញពីក្រសួងទេសចរណ៍ និងរង្វាន់លើកទឹកចិត្តលេខ១ ចំនួន ១លានរៀល, លេខ២ ចំនួន ៨០ម៉ឺនរៀល, និងលេខ៣ ចំនួន ៥០ម៉ឺនរៀល ផងដែរ ៕