(រតនគិរី)៖ ក្នុងទិសដៅដើម្បីបម្រើឱ្យផលប្រយោជន៍ សម្រាប់ជនមានពិការភាពក្នុងខេត្តរតនគិរី ក្រុមការងារសកម្មភាពជនពិការ នៃក្រសួងទេសចរណ៍ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយរដ្ឋបាលខេត្តរតនគិរី និងមន្ទីទេសចរណ៍ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ និងអាជីពសមស្របសម្រាប់ជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ ក្នុងវិស័យទេសចរណ៍» នៅខេត្តរតនគីរី។

ជនមានពិការនៅកម្ពុជាបច្ចុប្បន្ន កំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ក្នុងគ្រប់វិស័យ ពិសេសក្នុងវិស័យសង្គមកិច្ច អប់រំ សុខាភិបាល និងទេសចរណ៍។ នេះជាការលើកឡើងរបស់អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា។

នៅចំពោះមុខសិក្ខាកាមចូលរួមក្នុងអង្គពិធីប្រមាណជិត១០០នាក់ នៅសាលាខេត្តខេត្តរតនគិរី លោក ឯម ច័ន្ទមករា បានអំពាវនាវ ដល់ម្ចាស់ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ Beer Garden សហគ្រាស រោចក្រ ទីកន្លែងឯកជននានា ជួយរៀបចំ ការបង្កលក្ខណៈងាយស្រួល ដល់ជនមានពិការភាព ដូចជារៀបចំជម្រាល ធ្នាក់ដៃ បន្ទប់ទឹក កន្លែងចតយានយន្ត។ល។ ដោយលោកអគ្គលេខាលើកឡើងថា ជនមានពិការភាពក៏ជាអតិថិជនផងដែរ។

ស្របពេលនេះដែល លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានសំណូមពរដល់អាជ្ញាធរក្នុងខេត្តរតនគិរី បន្តយកចិត្តទុកដាក់ការរៀបចំការបង្កលក្ខណៈងាយស្រួលជនមានពិការ ឱ្យបានទៅទស្សនានៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត ក្នុងគោលបំណងលុបបំបាត់រនាំងឧបសគ្គ សម្រាប់ជនមានពិការភាព។

ជាមួយគ្នានោះ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា សិក្ខាសាលានេះ គឺរៀបចំឡើង ដើម្បីជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលចំពោះជនមានពិការភាព ផ្តល់ឱកាសការងារ និងលើកទឹកចិត្ត ដល់ជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវ មុខតំណែងចូលបម្រើការងារ លើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ជនពិការភាព និងចូលរួមបំពេញនូវកាតព្វកិច្ច របស់កម្ពុជា ជាហេត្ថលេខីនៃអនុសញ្ញា ដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។

លោក ហោ សារុន បានបន្ថែមថា សិក្ខាសាលានេះ បានចូលរួមចំណែកឆ្លុះបញ្ចាំងពីការលើកកម្ពស់ សីលធម៌ក្នុងសង្គម តម្លៃសង្គម និងគ្រួសារ ចូលរួមលុបបំបាត់ការរើសអើង និងកសាងភាពសុខុដុមរមនា ក្នុងគ្រួសារសហគមន៍ ក្នុងសង្គមទាំងមូល ជាណពិសេសគឺចូលរួមលើកកម្ពស់ជនមានពិការភាពនៅកម្ពុជា។

គួរបញ្ជាក់ថា នេះជាលើកទី១០ហើយ ដែល ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសកម្មភាពជនពិការ រួមសហការជាមួយ ម្ចាស់ និងអ្នកគ្រប់គ្រង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ និងមន្ទីរពាក់ព័ន្ធជាច្រើនទៀត ក្នុងការរៀបចំឲ្យមានសិក្ខាសាលា ដើម្បីលើកម្ពស់វិស័យពិការភាពនៅកម្ពុជា៕