(រតនគីរី)៖ ករណីមន្រ្តីរាជការ នៅមន្ទីរមុខងារសាធារណៈខេត្តរតនគីរី មិនទាន់បានបើកប្រាក់បេសកកម្មនោះ, ពេលនេះត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយរតនាគារខេត្តរតនគិរី បានសម្រួលទូទាត់អាណត្តិបើកប្រាក់នោះទៅសិន ដោយបានធ្វើការផ្ទេរប្រាក់បេសកកម្មទាំងនោះ ចូលក្នុងគណនីភ្នាក់ងារបើកផ្តល់របស់មន្ទីរមុខងារសាធារណៈខេត្តរតនគិរី នៅធនាគារកាណាឌីយ៉ារួចរាល់ហើយ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដើម្បីចូលរួមដោះស្រាយបញ្ហាលំបាករបស់មន្ត្រីទាំង១៥រូប ដែលបានចុះបំពេញបេសកកម្មរួចរាល់ជាច្រើនខែមកហើយ។

ជាមួយគ្នានេះ រតនាគារខេត្តរតនគីរី អះអាងថា ប្រាក់បេសកកម្មដែលត្រូវបើកជូនមន្ត្រីទាំង១៥រូប គឺចំនួន២៩ ៩២២ ០០០រៀល មិនមែន២៣លានរៀលទេ។

យ៉ាងណាក៏ដោយរតនាគារខេត្តរតនគិរី បានស្នើឲ្យមន្ទីរមុខងារសាធារណៈខេត្ត ធ្វើការកែសម្រួលតារាង ក និងតារាង ខ ដោយដាក់កាលបរិច្ឆេទក្នុងឆ្នាំ២០១៧ ឲ្យស្របតាមសកម្មភាព ដែលបានចុះបំពេញបេសកកម្ម ឆ្នាំចាស់៕