(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហភាពអ៉ឺរ៉ុបប្រចាំនៅកម្ពុជា លោក George Edgar បានចូលរួមសម្តែងការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង រៀបចំ​ប្រជុំដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងពលរដ្ឋ៣៧៥គ្រួសារ ជាមួយក្រុមហ៊ុនដំណាំអំពៅចំនួន២របស់ឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកោះកុង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ។

ករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃ រវាងពលរដ្ឋ៣៧៥គ្រួសារ ជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Suger Industry Co.,Ltd នៅស្រុកស្រែអំបិល និងស្រុកបុទមសាគរ ខេត្តកោះកុងរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានបិទបញ្ចប់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ក្រោយភាគីទាំងអស់ព្រមព្រៀង ទទួលយកដំណោះស្រាយរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់។

ការប្រជុំដោះស្រាយបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋ៣៧៥គ្រួសារ ជាមួយក្រុមហ៊ុនទាំង២ខាងលើនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ នៅក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដោយមានការចូលរួមពីសំណាក់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, អគ្គរដ្ឋទូតអឺរ៉ុប, តំណាងក្រុមហ៊ុន រួមទាំងតំណាងប្រជាពលរដ្ឋផងដែរ។

ក្រោយបញ្ចប់កិច្ចប្រជុំនេះ ក្រសួងរៀបចំដែនដី បានប្រកាសយ៉ាងដូច្នេះថា៖ «ជាលទ្ធផល ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានព្រមព្រៀងគ្នាបញ្ចប់ករណីវិវាទនេះជាស្ថាពរ ដោយក្រុមប្រជាពលរដ្ឋចំនួន១៥៧គ្រួសារ យល់ព្រមទទួលដំណោះស្រាយជាដី ទំហំ ៣ហិកតា និងទឹកប្រាក់២៥០០ដុល្លារ ក្នុង១គ្រួសារ (ប៉ុន្តែមិនដោះស្រាយចំពោះ ប្រជាពលរដ្ឋដែលបានដោះស្រាយរួចនោះទេ)។ ដោយឡែកក្រុមប្រជាពលរដ្ឋចំនួន២០០គ្រួសារផ្សេងទៀត បានយល់ព្រមទទួលដំណោះស្រាយជាដីទំហំ ១,៥ហិកតា ក្នុងមួយគ្រួសារ»

ក្រសួងរៀបចំដែនដីបានបញ្ជាក់ទៀតថា សម្រាប់ភាគីក្រុមហ៊ុន ក៏បានយល់ព្រមឱ្យរដ្ឋកាត់ដី ៨២៥ហិកតា ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចេញពីដីសម្បទានសេដ្ឋកិច្ច ដែលបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋធ្វើប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋខាងលើ និងផ្តល់ថវិកាតាមចំនួនខាងលើ ជូនក្រុមប្រជាពលរដ្ឋ ក្នុងចំណោម១៧៥គ្រួសារ តាមសំណូមពរ៕