(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងឈរនៅលំដាប់ទី៥ ក្នុងតំបន់អាស៊ានទាំង១០ប្រទេស ជាប្រទេសដែលមានប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខ្ពស់ជាងគេ ដោយរាប់គិតចាប់តាំងពីមន្ត្រីថ្នាក់ទាបបំផុតឡើងទៅ។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញ ចែកសញ្ញាបត្រដល់គរុសិស្ស និស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១,៦៣០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះយើងក្លាយជាប្រទេសឈរលំដាប់ទី៥ នៃប្រាក់បៀវត្សខ្ពស់ក្នុងអាស៊ាន ដែលទាបបំផុតរាប់តាំងពីកូនទាហាន រាប់តាំងពីមន្ត្រីដែលមានកម្រិតបៀវត្សទាបបំផុត។ នេះជាការប្រឹងប្រែង ហើយនេះក៏បានមកពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ»

ទន្ទឹមនឹងការគិតគូរយកចិត្តទុកដាក់ ចំពោះជីវភាពជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ២ដងក្នុងមួយឆ្នាំហើយនោះ ប្រមុខរាជរដ្ឋាភិបាល បានកំណត់ឲ្យមានការបើកប្រាក់ខែជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងអំឡុងសប្តាហ៍ទី៣នៃខែនីមួយៗផងដែរ ។ ការកំណត់ឲ្យបើកប្រាក់ខែនៅសប្តាហ៍ទី៣នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា អាចនឹងគ្មានប្រទេសណាមួយ នៅលើពិភពលោកធ្វើដូចកម្ពុជានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា នៅខែមេសាខាងមុខនេះ រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធម្តងទៀត និងបូកបន្ថែមប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំ៥ម៉ឺនរៀលថែមទៀត ដូច្នេះក្នុងឱកាសបុណ្យចូលឆ្នាំនេះ ប្រាក់រៀលនឹងត្រូវបញ្ចេញក្នុងទីផ្សារកាន់តែច្រើន។ តែបើទោះជាលំហូរ នៃប្រាក់រៀលច្រើនក្នុងឱកាសបុណ្យឆ្នាំថ្មីក្តី សម្តេចតេជោនាយករដ្ឋមន្ត្រីអះអាងថា រាជរដ្ឋាភិបាលនៅតែអាចគ្រប់គ្រងបាន និងមិនឲ្យមានផលប៉ះពាល់ ដល់ការចុះថ្លៃនៃប្រាក់រៀលឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «លុយធំណាស់ដែលចេញទៅក្នុងឱកាសបុណ្យចូលឆ្នាំ ដូច្នេះទាមទារនូវការគ្រប់គ្រងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងនូវស្ថានភាពអតិថរណា ប៉ុន្តែដោយសារតម្លៃប្រាក់រៀល កំពុងតែឡើងថ្លៃយ៉ាងដូច្នេះ នៅពេលដែលយើងបញ្ចេញប្រាក់ថែម គឺមិនធ្វើឲ្យប្រាក់រៀលចុះថ្លៃ ដែលវាជាចំណោទបញ្ហាបាត់បង់តម្លៃនោះទេ»

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញគោលការណ៍ ដំឡើងប្រាក់ខែជូនមន្ត្រីរាជការ២ដងក្នុង១ឆ្នាំ ដោយការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើង អត្រាកំណើន១២% នៃមូលដ្ឋានប្រាក់បៀវត្ស និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារ។

លោក យក់ ប៊ុនណា អ្នកនាំពាក្យក្រសួងមុខងារសាធារណៈធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា សម្រាប់ការដំឡើងប្រាក់ប្រៀវត្សលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ នឹងធ្វើឲ្យប្រាក់ខែរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាបបំផុតមានចំនួន៖

១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាលថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៩៨,៩២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៣៥,០២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨

បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាញឹកញយធ្លាប់បានអះអាង និងសន្យាចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធថា នៅឆ្នាំ២០១៨ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងមានប្រាក់បៀវត្សទាបបំផុត១លានរៀន។ ដូច្នេះការសន្យានេះ គឺពិតធ្វើបានប្រាកដមែន មិនមែនសន្យាខ្យល់នោះទេ៕