(ភ្នំពេញ)៖ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន លើគុណភាពអាហារ​ដែលអនុឡោមតាមស្តង់ដារហាឡាល ដែលឥស្លាមបរិស័ទ និង​អតិថិជនទូទៅ អាចទទួលទានបានដូចគ្នា ភោជនីយដ្ឋាន Parke Cafe សាខាអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ បានស្នើមកគណៈកម្មការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដើម្បីត្រួតពិនិត្យ និង​បញ្ជាក់គុណភាពស្តង់ហាឡាលរបស់សាសនាឥស្លាម។ នេះបើតាមការបញ្ជាក់ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង​ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។

បើតាមលោក អូស្មាន ហាស្សាន់ ខណៈកម្ពុជាបច្ចុប្បន្នកំពុងតែមានកំណើនភ្ញៀវទេសចរ​អន្តរជាតិយ៉ាងច្រើន​គួរឲ្យចាប់អារម្មណ៍ ដែលកាលពីឆ្នាំ២០១៧កន្លងទៅ កម្ពុជាមានភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​៥.៦លាននាក់ ហើយឆ្នាំ២០១៨នេះ ៦.២​លាននាក់ ហើយកម្ពុជារំពឹងទុកថា សម្រាប់ឆ្នាំ២០១៩ខាងមុខ គឺកម្ពុជាអាចនឹងទទួលបានកំណើន​ភ្ញៀវទេសចរ​៧លាននាក់​។​

ជាក់ស្ដែង នៅថ្ងៃទី​២១ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមឯកទេសហាឡាលកម្ពុជា ដែលមានការចូលរួមពីស្ថាប័នចម្រុះ ក្នុងនោះមានក្រសួងពាណិជ្ជកម្ម ក្រសួងធម្មការ និងសាសនា និង​គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ព្រមទាំងមានការចូលរួមពីក្រុមឯកទេសហាឡាលប្រទេសថៃ ក្រោមការគាំទ្រពីរដ្ឋាភិបាលថៃ ដែលបានដឹកនាំមន្រ្តីជំនាញ ចុះធ្វើសវនកម្មភោជនីយដ្ឋាន Parke Cafe សាខាអាកាសយាន្ដ​ដ្ឋានអន្តរជាតិភ្នំពេញ ដែលជាចំណុចទាក់ទាញមួយយ៉ាងសំខាន់ ខណៈភោជនីយដ្ឋានមួយនេះ គឺស្ថិតនៅចំច្រកនៃស្ថានីយ៍អ្នកដំណើរមកដល់អន្តរជាតិតែម្តង។​

លោក សឹម ម៉ាត់ទត តំណាងប្រធានក្រុមឯកទេសរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានលើកឡើងថា តាមនីតិវិធី​នៃការដាក់ពាក្យស្នើសុំហាឡាល គឺក្រុមហ៊ុន​សហគ្រាស និង​សិប្បកម្មទាំងអស់ ត្រូវមកទទួលពាក្យស្នើសុំបំពេញបែបបទ ពីលេខាធិការដ្ឋានកិច្ចការហាឡាល នៅក្រសួងពាណិជ្ជកម្ម ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ឋផ្សេងៗ ទាក់ទងនឹងការចុះបញ្ជីអាជីវកម្ម ដោយត្រូវភ្ជាប់ជាមួយ​ផលិតផល​ដែលចង់បញ្ជាក់ហាឡាល ក៏ដូចជាគ្រឿងផ្សំ និងវត្ថុធាតុដើមផ្សេងៗ ដើម្បីលេខាធិការដ្ឋានបញ្ជូនមកក្រុមឯកទេសផលិតផលហាឡាល នៅការិយាល័យគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដើម្បីពិនិត្យ និងកណត់ថ្ងៃចុះធ្វើសវនកម្មជាក់ស្តែងដល់ទីតាំង មុននឹងគណៈកម្មការសម្រេចថា អាចផ្តល់ជូនវិញ្ញាបនបត្រហាឡាល ឬយ៉ាងណា?​

​ក្នុងគោលបំណងជំរុញសន្ទុះ នៃការរីកចម្រើនឧស្សាហកម្មហាឡាលនៅកម្ពុជា លោកឧកញ៉ា អូស្មាន ហាស្សាន់ បានអំពាវនាវដល់ក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន និងសណ្ឋាគារ និងសត្តឃាតដ្ឋានទាំងអស់នៅកម្ពុជា ដែលមានបំណងចង់ពង្រីកទីផ្សារឲ្យកាន់តែទូលំទូលាយ សូមងាកមកចាប់យកការអនុវត្តតាម ស្តង់ដារហាឡាល បន្ថែមពីលើស្តង់ដារបញ្ជាក់គុណភាពផលិតផលនានាជាច្រើនទៀត ព្រោះហាឡាលជាប្រភេទស្តង់ដារតែមួយគត់ ដែលអាចឲ្យអតិថិជនគ្រប់ជាតិសាស​ន៍លើសកលលោក​ទទួលទាន និងប្រើប្រាស់បាន​៕