(សៀមរាប)៖ បន្ទាប់ពីសម្ពោធអាគារសិក្សា នៅសាលាឋមសិក្សាសំរោងខ្នារពោធិ៍ រួចមក លោក ឃឹម​ ប៊ុនសុង​ អភិបាល​ខេត្តសៀមរា​ប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ​និងលោកស្រី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ​បាននាំប្រតិភូទៅមើលផ្ទះចំនួន​២ខ្នង និងអណ្ដូងទឹក​ចំនួន​២ ដែលពួកគាត់បានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគមន៍ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តពេលកន្លងមក។

ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានផ្ដល់ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ នៅឃុំកៀនសង្កែ និងឃុំដំដែកថ្មី ចំនួន ៤០​គ្រួសារ ក្នុ​ងមួយគ្រួសារទទួលបាន អង្ករ​១​ការ៉ុង និងមី​១​កេស។

​ដោយឡែកម្ចាស់ផ្ទះទាំង​២ ម្នាក់ៗ​ទទួលបានអង្ករ​២​ការ៉ុង និងមី​២​កេស ព្រមទាំងបានចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំខ្ចាស់ ចំនួន៦៨​គ្រួសារ ក្នុងគ្រួសារទទួលបានមី១កេសផងដែរ៕