(ក្រចេះ)​៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ក្រគរ ក្រុងក្រចេះ បានលើកឡើងថា ស្ពានទ្រុឌទ្រោមចំនុន២កន្លែង នៅសង្កាត់ក្រគរ ប្រឈមនឹងបាក់​ស្រុត​ ឬបង្កគ្រោះថ្នាក់ដោយសាររថយន្ដ​យីឌុប​​ ដឹកខ្សាច់ផ្ទុកលើសទម្ងន់ឆ្លងកាត់ជា​រៀងរាល់ថ្ងៃ ទោះជាមន្ទីរជំនាញ​បានដាក់ស្លាកសញ្ញាឃាមឃាត់ រថយន្ដផ្ទុកលើសទម្ងន់យ៉ាងក៏ដោយ តែរថយន្ដផ្ទុកលើសទម្ងន់ទាំងនោះ នៅតែបន្ដដឹកខ្សាច់ឆ្លងកាត់ដដែល។

ពលរដ្ឋបន្ដទៀតថា បើអាជ្ញាធរ​មិនចុះធ្វើការហាមឃាត់រថយន្ដយីឌុប ដឹកខ្សាច់ទាំងនោះទេ ស្ពានទាំង២កន្លែងនោះ នឹងបាក់ថ្ងៃណាមួយមិនខានឡើយ ព្រោះពេលរថយន្ដឆ្លងកាត់ម្ដងៗ ពួកធ្វើដំណើរពីក្រោយ ព្រលឹងចុងសក់ព្រោះស្ពានញ័រ​ រំជួយយ៉ាងខ្លាំង ហើយរថយន្ដដឹកខ្សាច់ទាំងនោះ ដឹកចេញពីចំណុចការដ្ឋានបូមខ្សាច់របស់ លោក មៀច ម៉ុច ស្ថិតនៅភូមិ​ឬស្សីចារ ឃុំថ្មក្រែ ស្រុកចិត្របុរី បន្ដទៅ​ស្រុកស្នួល ជាប់ព្រំដែនវៀតណាម។

លោក រ័ត្ន តុលា អនុប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តក្រចេះ បញ្ជាក់ឲ្យដឹង​នៅព្រឹកថ្ងៃ​​ទី២០​ ខែមីនា ឆ្នាំ២០១៨នេះ​ថា ទីតាំងបូមខ្សាច់របស់ លោក មៀច ម៉ុច នេះមានច្បាប់អនុញ្ញាត្តពីក្រសួងរ៉ែ និងថាមពល ហើយចំពោះរថយន្ដដែលដឹកជញ្ជូនខ្សាច់នោះឆ្ពោះទៅ ស្រុកស្នួល និងទៅខេត្តមណ្ឌលគីរី តែខាងមន្ទីរកំពុងតាមដានមើលខ្លាចក្រុមឈ្មួញទាំងនោះ លួចនាំចេញទៅប្រទេសវៀតណាម ព្រោះច្បាប់មិនអនុញ្ញាតឲ្យខ្សាច់ចេញក្រៅប្រទេសនោះទេ។

ដោយឡែក លោក ស្រេង ស្រស់ ប្រធាន​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​ បានបញ្ជាក់ថា លោកបានដាក់ផ្លាកសញ្ញា ស្ពានទ្រុឌ​​ទ្រោមជាសាធារណៈ​ ហើយ​ហាមរថយន្ដផ្ទុកលើសទម្ងន់ ជាពិសេសរថយន្ដខ្នាតធំៗ បើបុគ្គលណានៅតែប្រព្រឹត្ត​ដឹកឆ្លងកាត់បាក់ស្ពាន ត្រូវទទួលខុសត្រូវដោយខ្លួនឯង។ លោកបានបន្ដថា លោកបានស្នើគំរោងសាងសង់ស្ពានទាំង២នោះដែរ ប៉ុន្តែគំរោង​ថវិកា​ធ្លាក់មិនទាន់ មកដល់ទើបមិនទាន់បានសាងសង់៕