(ភ្នំពេញ)៖ បណ្តាថ្នាក់ដឹកនាំទាំងអស់នៃ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី បានប្តេជ្ញាចិត្តបង្កើនការឆ្លើយតបចំពោះបញ្ហាប្រឈមក្នុងតំបន់ និងសាកលលោក ដែលក្នុងនោះរួមមាន បញ្ហាឧបទ្វីបកូរ៉េ បញ្ហាភេរវកម្ម និងជ្រុលនិយមហឹង្សា និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។ នេះបើតាមសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា។

សេចក្តីប្រកាសលទ្ធផលរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំទាំងអស់ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសមុទ្រ កិច្ចការព័ត៌មានវិទ្យា (cyber affairs) ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន និងការដោះស្រាយចំពោះការគំរាមកំហែងថ្មីៗផ្នែកសុខភាពក្នុងតំបន់។ ថ្នាក់ដឹកនាំក៏បានឯកភាពក្នុងការបង្កើនទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ការវិនិយោគនិងធុរកិច្ច ព្រមទាំងជំរុញទៅមុខនូវគំនិតផ្តួចផ្តើមថ្មីនៃទីក្រុងឆ្លាត (smart cities) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការគោលនយោបាយសេដ្ឋកិច្ច។

ក្នុងកិច្ចប្រជុំនោះ ប្រទេសអូស្រ្តាលី បានប្រកាសសន្យាផ្តល់ប្រាក់៨០លានដុល្លារអូស្រ្តាលី សម្រាប់បន្តកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស។ មិនតែប៉ុណ្ណោះ អូស្រ្តាលីក៏បានប្រកាសផងដែរថា ដើម្បីពង្រឹងការផ្លាស់ប្តូរការសិក្សាទៅវិញទៅមករវាងអាស៊ាន-អូស្រ្តាលី អូស្រ្តាលីនឹងផ្តល់អាហារូបករណ៍ “Australia Awards ASEAN Scholarship” ចំនួន៥០កន្លែង ដល់អ្នកដឹកនាំជំនាន់ក្រោយ មកពីបណ្តាប្រទេសអាស៊ាន សម្រាប់បន្តការសិក្សាថ្នាក់ក្រោយឧត្តម នៅប្រទេសអូស្រ្តាលី។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ត្រូវបានធ្វើឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដោយមានការចូលរួមពី មេដឹកនាំបណ្តាប្រទេសអាស៊ាន និងអូស្រ្តាលីផងដែរ។

កិច្ចប្រជុំកំពូលពិសេសក្រោមប្រធានបទ «ការលើកកម្ពស់សន្តិសុខ និងវិបុលភាពក្នុងតំបន់» ដែលត្រូវបានរៀបចំឡើងជាលើកទីមួយនៅអូស្រ្តាលី បន្ទាប់ពីរយៈពេលជាង៤ទស្សវត្សនៃទំនាក់ទំនង បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ទំនាក់ទំនងយុទ្ធសាស្រ្តរបស់អូស្រ្ដាលីជាមួយអាស៊ាន និងបានកំណត់នូវសករាជ្យថ្មី នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-អូស្រ្ដាលី៕