(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតដឹកនាំមន្ត្រីក្រោមឱវ៉ាទ និងសហការជាមួយយុវជន និងស.ស.យ.ក ក្រុងប៉ោយប៉ែត បន្តការដាក់ដាំដើមត្នោតធ្វើសួន មុខវត្តបាលិលេយ្យ និងដាក់រនាំងពុះចែកទ្រូងផ្លូវ នៅលើផ្លូវជាតិលេខ៥ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ដែលទើបតែមកកាន់ដំណែងជាង ៣ខែប៉ុណ្ណោះ ត្រូវបានទទួលការគាំទ្រ កោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្រុង ឲ្យមានសោភណ្ឌភាព សណ្តាប់ធ្នាប់នៅតាមដងផ្លូវ មានរបៀបរៀបរយ និងដាំដើមត្នោតធ្វើសួនច្បារ ជាពិសេស យកប្រាសាទកំពូលបី មកដាក់នៅវង្វង់មូលឋានសួគ៌ ក្រុងប៉ោយប៉ែត ដែលកំពុងសាងសង់ និងគ្រោងចំណាយទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ សំរាប់ឲ្យពលរដ្ឋដែលមានជំនឿ លើប្រាសាទកំពូលបី អុចធូបគោរពបូជា និងបង្ហាញឲ្យបរទេស ដែលចូលមកប្រទេសកម្ពុជា បានឃើញប្រាសាទ និងដើមត្នោតបញ្ជាក់ពីនិមិត្តរូប នៃប្រទេសកម្ពុជាផងដែរ។

លោកបានបញ្ជាក់ថា «ថ្ងៃនេះយើងបានយករបាំងពុះផ្លូវជាតិចំនួន១០០ដុំបន្ថែមទៀត ដោយក្នុងមួយដុំមានប្រវែង២ម៉ែត្រ តម្លៃ៣,៦០០បាត ស្នើនិង៤៣២,០០០រៀលឯណោះ ដូច្នេះលោកទទូចសំណូមពរឲ្យក្រុមហ៊ុនសហក្រាស អាជីវក ប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមមូលនិធិឲ្យបានគ្រប់គ្នា ដោយប្រមូលនិធិទាំងអស់នេះ យកមកទ្រទ្រង់ក្នុងការសាងសងរង្វង់មូលប្រាសាទឋានសួគ៌ របាំងពុះទ្រង់ផ្លូវជាតិ និងសួនច្បារបន្លែមទៀត»

លោកអភិបាលក្រុង សាន ស៊ានហូ បានមានប្រសាសន៍ថា បន្ទាប់ពីអាជ្ញាធរដាក់រនាំងពុះចែកទ្រូងផ្លូវរួច អាជ្ញាធរនឹងរៀបចំដាក់បង្គោលភ្លើងស្តប់ នឹងភ្លើងបំភ្លឺផ្លូវ បំពាក់កាម៉ារាសុវត្ថិភាព ដើម្បីឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះ លោកអភិបាលក្រុង ក៏សុំការអាធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលនៅផ្លូវខាងក្នុង ផ្លូវតូចៗនៅតាមបណ្តាលភូមិនានា ក្នុងក្រុងប៉ោយប៉ែតពាក់ព័ន្ធ និងបញ្ហាអនាម័យ សំរាមដែលក្រុមហ៊ុនប្រមូលចេញពីមុខផ្ទះរបស់បងប្អូនមានការយឺតយ៉ាវ។

លោកបានបញ្ជាក់បន្ថែមថា បញ្ហាអនាម័យនេះ លោកនឹងយកក្រុមហ៊ុនប្រមូលសំរាមមកផ្សេងទៀត ដើម្បីយកមកប្រកួតប្រជែងជាមួយក្រុមហ៊ុនប្រមូលសំរាមចាស់ និងធ្វើការជ្រើសរើស មិនទុកឲ្យមានបញ្ហានេះ កើតមានជាដដែលៗយូរនោះទេ។

ប្រជាពលរដ្ឋបានសម្តែងការត្រេងអរថា «ពួកខ្ញុំត្រេងអរណាស់ដែលមានមន្ត្រីល្អ បំរើប្រជាពលរដ្ឋយ៉ាងពេញទំហឹង និងមិនឲ្យប្រជាពលរដ្ឋអស់សង្ឃឹមឡើយ ហើយអ្វីគួរស្ងើចសសើរថា ក្រុងប៉ោយប៉ែតយើងមានរបាំងពុះទ្រង់ផ្លូវជាតិលេខ៥ជាលើកទី១»