(ភ្នំពេញ)៖ សម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​កម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រុមហ៊ុន សាជីវកម្ម ជៀ ហុង របស់ប្រទេសចិន ចូល​ជួបសម្តែងការគួរសម នៅភូមិគ្រឹះសម្តេចផ្ទាល់តែម្ដង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៨នេះ។​

ក្នុងឱកាសនេះ តំណាងក្រុមហ៊ុនសាជីវក​ម្ម ជៀ ហុង បានជម្រាបជូនសម្តេច ហេង សំរិន ថា ក្រុមហ៊ុនកំពុងបណ្តាក់ទុន នៅកម្ពុជាទៅលើផ្នែកអចលនទ្រព្យ និងខាងផ្នែកកសិកម្ម ហើយក៏កំពុងឈានទៅរកការ រកទទួលទានក្នុងផ្នែកហិរញ្ញវត្ថុទៀតផង។
ប្រធានប្រតិភូបាន គូសបញ្ជាក់ថា សាជីវកម្ម ជៀ ហុ​​ង មានជំនាញខាងផ្នែកកសិកម្ម ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុង ផ្សាភ្ជាប់ផ្នែកនេះយ៉ាងជំនាញទៅនឹងបច្ចេកវិទ្យាបែបសម័យទំនើប ហើយថាក្រុមហ៊ុននឹងចែក រំលែកបច្ចេកវិទ្យានេះ មកឲ្យកម្ពុជាផងដែរ ដើម្បីលើកស្ទួយការធ្វើកសិកម្មនៅកម្ពុជា ចូល​រួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមកិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំ​កំពូលកម្ពុជា ចិនបានឯកភាពគ្នា​ក្នុងការជួយគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍សម្រាប់ ប្រជាជាតិទាំងពីរ។

សម្តេច​ពញាចក្រី ហេង សំរិន បានលើកឡើងថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អ​ប្រសើរ ហើយទិសដៅតែមួយគត់​ដែលកម្ពុជាកំពុងធ្វើ គឺ​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ឲ្យបានខ្លាំងក្លា។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល បានចាត់ទុក វិស័យឯកជន ជាដៃគូដ៏មានសក្តានុពល ដើម្បីជួយជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។​

សម្តេចបានបន្តទៀតថា ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា​យកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តចំពោះវិនិយោគផ្ទាល់ ពីបរទេសលើគ្រប់វិស័យ ហើយទទួលបានការចាប់​អារម្មណ៍ និងការគាំទ្រ​ដោយមានក្រុមហ៊ុនធំៗ ពី​បរទេសជាច្រើន បាន​និងកំពុងអនុវត្តផែនការវិនិ​យោគ​របស់ពួកគេ។ ការភ្ជាប់ជើងហោះហើរត្រង់ មកកម្ពុជា​ពីបណ្តា​ប្រទេស មានសេដ្ឋកិច្ចលូតលាស់ផ្សេងៗ វាបានជំរុញ​ឲ្យមានកំណើនទេសចរណ៍ និងការវិនិយោគផ្ទាល់​ ពីបរទេសមកកាន់កម្ពុជា​កាន់តែច្រើនរៀងរាល់ឆ្នាំ ជាពិសេស​ប្រទេសចិនផ្ទាល់តែម្តង។​

សម្តេច​បានលើកឡើងថាប្រទេសចិន គឺជាដៃគូវិនិយោគ ដ៏មានសក្តានុពល​របស់កម្ពុជា។ គិតមកដល់ឆ្នាំ​២០១៧ ទុនវិនិយោគរបស់ចិន ឈរនៅលេខរៀងលំដាប់ទី១​។ ក្រោមគំនិតផ្តួចផ្តើម​យុទ្ធសាស្រ្ត ​ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់រដ្ឋាភិបាលចិន ភ្ជាប់ជាមួយយុទ្ធសាស្រ្តចតុកោណ នៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានលំហូរចូលយ៉ាងគំហុក នៃវិនិយោគ​ពាណិជ្ជកម្ម និងទេសចរណ៍ ពីចិន​មកកម្ពុជា ទំាងនេះ​បានបង្ហាញពីលទ្ធផលជាក់ស្តែង នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និត រវាងប្រទេសទំាងពីរ​កម្ពុជា-ចិន ក្នុងភាពជាដៃគូយុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ។​
សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា ២​-​៣​ឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យ​នៅកម្ពុជា ​មានការរីកចម្រើនយ៉ាងខ្លាំង ហើយ​អគារខ្ពស់ៗ សណ្ឋាគារ ដែលមានឈ្មោះល្បីៗ​លំដាប់អន្តរជាតិ កំពុងអនុវត្តគម្រោងផែនការរបស់គេជាបណ្តើរៗ​។ ដោយឡែកវិស័យទេសចរណ៍នៅកម្ពុជា កំពុងរីកលូត​លាស់ខ្លាំង ដែលមានវិសាលភាពគ្រប់ដណ្តប់​ទំាងតំបន់ឆ្នេរសមុទ្រ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍វប្បធម៌ វាជាឱកាសល្អ​សម្រាប់ក្រុមហ៊ុន ក៏ដូចជាដៃគូវិនិយោគនានា មកពីប្រទេសចិន​ដើម្បីពិនិត្យលើឱកាសវិនិយោគ​នៅកម្ពុជា៕