(ភ្នំពេញ)៖ ចាប់ថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជិត ៥ពាន់លានរៀល ស្មើនឹងជាង ១.២លានដុល្លារអាមេរិក ឧបត្ថម្ភដល់កម្មការិនីដែលសម្រាលកូន។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា គិតពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ មានកម្មការិនីសរុប ១១,៤៦៧នាក់ បានសម្រាលកូន។ កូនៗរបស់កម្មការិនីដែលបានសម្រាលនោះមានចំនួន ១១,៥៣៩នាក់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាឧប្ថម្ភដល់កម្មការិនីក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅពេលដែលពួកគេសម្រាលកូន។ គោលការណ៍ឧបត្ថម្ភនេះបានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះតទៅ កម្មការិនី ដែលសម្រាលបានកូន១ ទទួលបានការឧបត្ថម្ភ ៤០ម៉ឺនរៀល កម្មការិនីសម្រាលកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល សម្រាប់កម្មការិនីទទួលបានកូនភ្លោះ៣ ទទួលបាន ១លាន ២០ម៉ឺនរៀល។ ការសម្រេចនេះក្នុងគោលបំណងជួយសម្រួលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរបស់កម្មការិនី៕