(ភ្នំពេញ)៖ បន្ទាប់ពីមានការជំរុញ នូវការប្រើប្រាស់ប្រាក់រៀល ពីធនាគារជាតិនៃកម្ពុជា ស្ថាប័នពាក់ព័ន្ធនានាកន្លងមក ឃើញថាបច្ចុប្បន្ន​នេះប្រាក់រៀល​ បាននិងកំពុងមានសន្ទុះខ្លាំង ទៅលើប្រតិបត្តិការក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ឯកជននៅកម្ពុជា ​ជាមួយនឹងការយល់​ដឹងច្រើនរបស់ពលរដ្ឋ ក្នុងការប្រើប្រាស់ប្រាក់រៀលផងដែរ។

ទម្រាំតែប្រាក់រៀល ត្រូវបានចរាចរណ៍មកដល់សព្វថ្ងៃ និងមានការទទួលគាំទ្របែបនេះ ប្រាក់រៀលក៏បានទទួលរង នូវបញ្ហាប្រឈមជាច្រើនផងដែរ។ ក្នុងនោះបញ្ហាប្រឈមដ៏ធំ គឺបញ្ហាដុល្លាររូបនីយកម្មខ្ពស់ ដែលតាមបទពិសោធន៍អន្តរជាតិបង្ហាញថា ត្រូវការពេលវេលាយូរ និងកិច្ចខិតខំប្រឹងប្រែងដ៏ច្រើន ទាំងពីសំណាក់អាជ្ញាធរ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីកាត់បន្ថយ ឬលុបបំបាត់កម្រិតដុល្លារូបនីយកម្មពីសេដ្ឋកិច្ច។

តែទោះបីជាយ៉ាងណា បច្ចុប្បន្ននេះប្រាក់រៀល ត្រូវបានប្រើប្រាស់ទៅលើវិស័យផ្សេងៗ ដោយមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដែលធ្លាប់តែ​ចរាចរណ៍ប្រាក់ដុល្លារ ក៏បានងាកមកប្រើប្រាស់ប្រាក់រៀលជំនួសវិញ ទោះថាការប្រើប្រាស់នូវមានកម្រិតក៏ដោយ នេះក៏សបញ្ជាក់​ពីការគាំទ្រប្រាក់រៀលដែរ។

ថ្លែងក្នុងទិវា «ប្រាក់រៀល អបអរសាទរខួបលើកទី៣៨ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ» នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានឲ្យដឹងថា ជាមួយនឹងការលើកទឹកចិត្តពីសំណាក់ ធនាគារជាតិនៃកម្ពុជា រួមទាំងស្ថានប័នពាក់ព័ន្ធផងនោះ ឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋមានការប្រើប្រាស់ប្រាក់រៀលច្រើនជាងមុន សូម្បីតែប្រាក់សន្សំក្នុងធនាគារ ក៏មាន​ការកើនឡើង ជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាប ត្រូវការប្រាក់រៀលច្រើនជាងប្រាក់ដុល្លារ។

លោកបានបញ្ជាក់ទៀតថា «សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានព្យាយាមណែនាំដល់ប្រជាពលរដ្ឋ ពីការប្រើប្រាស់ប្រាក់រៀល ដោយបាន​លើក​ហេតុផលបញ្ជាក់ ទៅពួកគាត់ពុំគួរប្រើប្រាស់ប្រាក់ដុល្លារ ប្រសិនបើចំណូលដែលទទួលបានជាប្រាក់រៀល ព្រោះថាពួកគាត់អាចប្រឈមមុខនឹងហានីភ័យនៃអត្រាប្ដូរប្រាក់។ មួយវិញទៀត គ្រឹះស្ថាន AMK ក៏បានបង្កើតនូវផលិតផលមួយ ដែលមានសេវាកម្មប្រសើរជាប្រាក់ដុល្លារ មានន័យថា ប្រសិនបើអតិថិជនសន្សំជាប្រាក់ដុល្លារគ្រឹះស្ថាន នឹងឲ្យការប្រាក់ទៅពួកគាត់ត្រឹមតែ៦-៧%ប៉ុណ្ណោះ តែបើប្រាក់រៀលខ្មែរវិញ គឺគ្រឹះស្ថាននឹងឲ្យ​ការប្រាក់រហូតដល់១១% កត្តាទាំងនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាងាកមក ប្រើប្រាស់ប្រាក់រៀលខ្មែរវិញ ព្រោះមានភាពចំណេញច្រើនជាង»។

លោកបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះក្នុងគ្រឹះស្ថាន AMK មានប្រាក់កម្ចីជាប្រាក់រៀលចំនួន៧៥% ចំណែកប្រាក់រៀលសន្សំមានប្រមាណជា៧០% ដោយឡែកសម្រាប់ប្រតិបត្តិការផ្សេងៗវិញ ដូចជាបង់វិក្ក័យបត្រ ការផ្ទេរប្រាក់វិញមានរហូតដល់ទៅ៩០%។

ជាមួយគ្នានោះក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនផ្សេងៗទៀត បានបង្ហាញពីទិន្ន័យខុសប្លែកពីគ្នា នៃការប្រើប្រាស់ប្រាក់រៀល​តាម​ធនាគារ។

លោក ឆារស៍ វ៉ាន់ អគ្គនាយករង ធនាគារកាណាឌីយ៉ា ក.អ បានឲ្យដឹងថា ផ្អែកតាមការស្ទាបស្ទង់មតិរបស់ សមាគមធនាគារនៅកម្ពុជា ដែលមានប្រមាណ៣០ធនាគារបង្ហាញ​ថា ឥណទានសរុបមានចំនួន១២.៥ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះ២.៤% ជាឥណទានប្រាក់រៀល រីឯប្រាក់បញ្ញើសរុបមានចំនួន​១៥​ ប៊ីលានដុល្លារអាមេរិក ក្នុងនោះបញ្ញើជាប្រាក់រៀលមាន ៦.២៥% គិតត្រឹមដំណាច់ឆ្នាំ២០១៧។

ដើម្បីចូលរួម និងលើកតម្កើនការប្រើប្រាស់ប្រាក់រៀល ក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធនាគារកាណាឌីយ៉ា បានអនុវត្តនូវយុទ្ធសាស្រ្ដមួយចំនួនដូចជា៖

១៖ ផ្ដល់ឥណទានជាប្រាក់រៀល ដែលមានអត្រាការប្រាក់អាចមានរហូតដល់១៥% ជាពិសេសសម្រាប់វិស័យសហគ្រាសខ្នាតតូច និងមធ្យម។
២៖ ផ្ដល់នូវអត្រាការប្រាក់ខ្ពស់ សម្រាប់ប្រាក់បញ្ញើជាប្រាក់រៀល។
៣៖ បន្ដផ្ដល់នូវការអប់រំទៅកាន់អតិថិជន ដូចជាសាធារណជនឲ្យបានដឹងអំពីសារសំខាន់ នៃការប្រើប្រាស់ប្រាក់រៀល និងបង្កើននូវជំនឿទុកចិត្ត​លើប្រាក់រៀល។
៤៖ បន្ដបង្កើតនូវឧបករណ៍ហិរញ្ញវត្ថុ ទូទាត់ជាប្រាក់រៀល ដើម្បីសម្រួលដល់ការទូទាត់ឆាប់រហ័សនៃប្រព័ន្ធឌីជីថល តាមទូរស័ព្ទដៃ ការផ្ទេរប្រាក់ជា​ប្រាក់រៀល។

លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក៏បានលើកពីគុណសម្បត្តិចម្បងៗមួយចំនួន នៃការប្រើប្រាស់ប្រាក់រៀល ដែល​ការប្រើប្រាស់​ប្រាក់រៀល កាន់តែច្រើននឹងធ្វើឱ្យកម្ពុជា ទទួលបានចំណេញចម្បងៗទាំងផ្នែកសេដ្ឋកិច្ច និងសង្គម, ពង្រឹងអត្តសញ្ញាណជាតិ, បង្កើនទុនបម្រុងជាតិរបស់កម្ពុជា ដែលពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ, ពង្រឹងប្រសិទ្ធភាពគោលនយោបាយអត្រាប្តូរប្រាក់ ដែលនឹងរួមចំណែក ក្នុងការជំរុញពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជារួមចំណែកជួយសេដ្ឋកិច្ច នៅពេលមានការប៉ះទង្គិចជាយថាហេតុ៕