(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក Jan Hansen នាយកស្តីទី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបង្កើតគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតនៅកម្ពុជា ហៅថា «គម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែង» ដែលនឹងចាប់ផ្ដើមពីឆ្នាំ២០១៩-២០២៤ ជាមួយទំហំទឹកប្រាក់ប្រមាណ ៦០លានដុល្លារអាមេរិក។

ជំនួបរវាងលោករដ្ឋមន្ត្រី អ៉ិត សំហេង ជាមួយលោកប្រធានស្ដីទី Jan Hansen ធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅក្រសួងការងារ ដោយផ្តោតទៅលើការអនុវត្តគម្រោងដែលកំពុងដំណើរការ និងពិភាក្សាកម្មវិធីដែលបានដាក់ស្នើ ព្រមទាំងគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងក្រសួងការងារ សម្រាប់ឆ្នាំ២០១៩-២០២១ និងតម្រូវការជំនួយបច្ចេកទេសនានា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជំនួបនេះនឹងជំរុញបន្ថែមទៀតនូវប្រសិទ្ធិភាព ការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគម្រោងដែលនៅសល់រយៈពេលរហូតដល់ឆ្នាំ២០២១។

លោកថ្លែងយ៉ាងដូច្នេះថា «ធនាគារអភិវឌ្ឍន៍អាស៊ី រៀបចំឲ្យមានគម្រោងមួយទៀត ហៅថាអភិវឌ្ឍជំនាញសម្រាប់ការប្រកួតប្រជែង ដែលគម្រោងនេះនឹងបន្តពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៦០លានដុល្លារអាមេរិក។ គម្រោងនេះ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងរៀបចំធ្វើយ៉ាងណា បង្កើនគម្រោងនេះបន្តទៀតបាន ដូច្នេះសម្រាប់បរិបទថ្មីនៃការអភិវឌ្ឍន៍គោលនយោបាយជាតិ ស្តីពីការពិពិធកម្មសេដ្ឋកិច្ច ឧស្សាហកម្ម និងគោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ គម្រោងនេះពិតជាមានសារសំខាន់ណាស់»។

លោករដ្ឋមន្ត្រីលើកឡើងថា តាមរយៈគម្រោងភាពជាដៃគូនេះ នឹងបង្កើតឲ្យមានភាពជិតស្និទ្ធបន្ថែមទៀត រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ជាពិសេសជាមួយផ្នែកឯកជន ដើម្បីទាក់ទាញនូវធនធាន ក៏ដូចជាបច្ចេកទេសឲ្យបានកាន់តែច្រើនថែម សម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស។

លោកបញ្ជាក់ថា គម្រោងនេះមានអត្ថប្រយោជន៍ធំណាស់ សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ យុវជន-យុវនារី ដែលពីពេលនេះទៅមុខ នៅក្នុងពេលសមារណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសាកលភាវូបនីយកម្ម តម្រូវការកម្លាំងពលកម្មដែលមានកម្រិតជំនាញកាន់តែច្រើនឡើង ដូច្នេះគឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ ឲ្យកម្លាំងពលកម្មរបស់កម្ពុជា ឆ្លើយតបទៅនឹងអ្វីដែលជាទិសដៅសម្រាប់ការអភិវឌ្ឍ នាពេលខាងមុខ៕