(ព្រះវិហារ)៖ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ជារដ្ឋមន្ត្រីស្តីទី ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសារមន្ទីរធម្មជាតិ សកលសម្តេចតេជោ ហ៊ុន​ សែន ព្រះវិហារ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រី នៅតាមក្រសួងស្ថាប័ននានា អង្គទូតនានា មេបញ្ជាការក្នុងជួរកងយោធពលខេមរភូមិន្ទ នគរបាលជាតិ តំណាងរាស្ត្រ អាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ យ៉ាងច្រើនកុះករ។

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថា ថ្ងៃនេះលោកពិតជាមានក្តីសោមនស្សរីករាយ ដែលបានធ្វើជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកចូលរួមជាអធិបតីជាមួយអស់លោក លោកស្រីក្នុងពិធីសម្ភោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការសារមន្ទីរជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដែលជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់រមណីយដ្ឋានធម្មជាតិ នៃប្រាសាទព្រះវិហារ ដែលស្ថិតនៅលើទឹកដី នៃខេត្តព្រះវិហារយើងនេះ។

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ដែលជានិច្ចជាកាលសម្តេច តែងគិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនយើងគ្រពេលវេលា។

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបន្តថា ឆ្លងតាមរបាយការណ៍របស់លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានបញ្ជាក់ថា សារមន្ទីរនេះ ចាប់តាំងពីឆ្នាំ២០០៩ លើផ្ទៃទីប្រមាណ ១៧៧ហិកតា ចំណាយថវិកាកសាងបានមកពីសប្បុរសជនទាំងអស់សរុប ៧៥៣,៤២៧ដុល្លារ។

ក្នុងគោលបំណងនៃសារមន្ទីរនេះ គឺសម្រាប់ប្រមូលវត្ថុសិល្បៈទាំងអស់ នៅក្នុងតំបន់នេះ មកថែរក្សាសិក្សាស្រាវជ្រាវ ចងក្រងអំពីប្រពៃណីជនជាតិដើមភាគតិចគួយ ព្រមទាំងប្រមូលផ្តុំនូវប្រភេទសត្វ និងរុក្ខជាតិក្នុងតំបន់មករក្សាទុក ជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយ សិក្សាស្រាវជ្រាវស្វែងយល់បន្ត។ ក្រៅពីការងារនេះសារមន្ទីធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ក៏ជាឃ្លាំងនៃចំណេះដឹងសម្រាប់ចែករំឡែកដល់សិស្សានុសិស្ស ប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីបញ្ជ្រាបចំណេះដឹងទូទៅទាក់ទង និងវប្បធម អរិយធម៌ ប្រវត្តិសាស្ត្រ តម្លៃបេតិកភណ្ឌ និងបរិស្ថានក្នុងគោលដៅបណ្តុះស្មាតីស្រឡាញ់ ការពារអភិរក្ស និងផព្វផ្សាយបន្តដល់អ្នកជំនាន់ក្រោយ។

លោកស្រី ភឿង សកុណា បានបន្តថា ក្រៅពីផ្តល់នូវកិច្ចការការពារជាតិ និងអភិវឌ្ឍន៍ជីវភាពប្រជាជន នៅតាមបណ្តោយព្រំដែន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តួចផ្តើមកសាងសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារនៅលើផ្ទៃដី ១៧៧ហិកតា កាលពីឆ្នាំ២០០៩ ដោយបានចំណាយថវិការសរុបចំនួន៧៥៣,៤២៧ដុល្លារ។ ក្នុងនោះ ថវិកាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ១៥ម៉ឺនដុល្លារ ក្រុមហ៊ុនអីអនថវិកា១០ម៉ឺនដុល្លារ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រីថវិកា៥ម៉ឺនដុល្លារ លោក សួស យ៉ារ៉ា និងលោកស្រីថវិកា ២៦៧,៤២៧ ម៉ឺនដុល្លារ និងថវិកាជាតិសម្រាប់រៀបចំការតាំងពីពណ៍១៨៤,០០០ដុល្លារផងដែរ៕