(ភ្នំពេញ)៖ កម្ពុជា និងហុងកុង បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីថែមទៀត ដើម្បីនាំមកនូវអត្ថប្រយោជន៍សម្រាប់ប្រជាជន និងវិស័យសេដ្ឋកិច្ច។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក អេដវ៉ាដ យ៉ូ (Edward Yau) អគ្គលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះលោក ប៉ាន សូរស័ក្តិ បានជម្រាបជូនលោក អេដវ៉ាដ និងគណៈប្រតិភូអំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។

លើសពីនេះលោករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូហុងកុង អំពីគោលនយោបាយគាំពារវិនិយោគិន និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានសំណូមពរឲ្យមានការរៀបចំវេទិកាជំរុញពាណិជ្ជកម្មទ្វេភាគី នៅក្នុងទីក្រុងហុងកុង នាពេលខាងមុខផងដែរ។  

ជាការឆ្លើយតបលោក អេដវ៉ាដ យ៉ូ បានថ្លែងអំណរគុណលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហុងកុង។ លោក បានសម្តែងសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពរបស់កម្ពុជា និងបានសាទរចំពោះសមិទ្ធផលសំខាន់ៗដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា។

គួររំលឹកដែរថា នៅក្នុងឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ហុងកុង មានទឹកប្រាក់សរុប ៧៣០លានដុល្លារ  ដែលក្នុងនោះការនាំចេញរបស់កម្ពុជា ទៅហុងកុងមានទំហំទឹកប្រាក់ចំនួន ២១៣លានដុល្លារ និងនាំចូលពីហុងកុងមានទំហំទឹកប្រាក់ ៥១៦លានដុល្លារ។ លើសពីនេះ គម្រោងវិនិយោគរបស់ហុងកុង ក្នុងឆ្នាំ២០១៦ មានចំនួន ១៤គម្រោង ដែលផ្តោតសំខាន់លើរោងចក្រផលិតកម្មស៊ីម៉ងត៍ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រោងចក្រផលិតកាបូប កសិឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃផ្សេងៗ៕